ភ្នំពេញ ៖ សួនច្បារផ្សារចាស់មានទីតាំងស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយលាតសន្ធឹងពីផ្សាររាត្រីជិតមាត់ទន្លេ រហូតដល់ស្ថានីយអយស្ម័យយានកម្ពុជា, បច្ចុប្បន្នសួនមួយនេះ មានបញ្ហាប្រឈមមួយចំនួនដូចជាការកកស្ទះចរាចរណ៍ដោយសារចំណត បញ្ហាបរិស្ថាន ក៏ដូចជាកង្វះភាពទាក់ទាញ និងគ្មានផាសុកភាពជាដើម។ យុវជនមួយក្រុមដែលជានិស្សិតផ្នែកស្ថាបត្យកម្ម នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានបង្ហាញពីគម្រោងដើម្បីដោះស្រាយបញ្ហាទាំងនេះ ដោយបង្កើតជាលំហបៃតងសម្រាប់សហគមន៍ ដាក់បញ្ចូលរចនាបទសិល្បៈ ភាពច្នៃប្រឌិតដែលបង្កប់លក្ខណៈខ្មែរ ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តថែមទៀត។
គំនិតកែប្រែសួនច្បារផ្សារចាស់របស់ក្រុមនិស្សិត ដែលដាក់ឈ្មោះថា ITC003 នេះ បានទទួលជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងស្នាដៃរចនាសហគមន៍ឆ្នាំ២០២៤ ប្រធានបទ «ភូមិ១ សហគមន៍១» សម្រាប់ការរចនាទីតាំងសួនផ្សារចាស់ ដែលរៀបចំដោយ សមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា (CICAA) ដែលគាំទ្រដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីពេលថ្មីៗនេះ។
លោក រៀម សភាថិរវន្ត និស្សិតឆ្នាំទី៥ ដេប៉ាតឺម៉ង់ទេពកោសល្យស្ថាបត្យកម្ម នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជាសមាជិកក្រុម ICT 003 បានលើកឡើងថា សួនផ្សារចាស់ គឺជាទីកន្លែងដែលប្រជាជនអាចនឹងធ្វើសកម្មភាពជាសហគមន៍បានច្រើន ហើយក៏ជាតំបន់ទេសចរណ៍ដែលភ្ជាប់ភ្ញៀវទេសចរពីវត្តភ្នំ ទៅសួនច្បារមាត់ទន្លេផងដែរ។ ជាមួយគ្នាសួននេះ ក៏ជាតំបន់ស្នូលនាពេលអនាគតដែលភ្ជាប់ប្រជាជនពីក្រុងអារិយ្សត្រ ជ្រោយចង្វា និងរាជធានីភ្នំពេញ។ ដូច្នេះ គំនិតក្នុងការគិតគូររៀបចំសួនច្បារផ្សារចាស់ឡើងវិញ គឺត្រូវបំពេញចំណុចខ្វះខាត និងបង្កើតឱ្យមានសកម្មភាពទំនាក់ទំនងផ្សេងៗក្នុងតំបន់ ក្នុងនោះមានដូចជា ប្រព័ន្ធផ្លូវ ចំណត លំហបៃតង សំណង់ប្រវត្តិសាស្ត្រ ស្ថាបត្យកម្មសហសម័យ សកម្មភាពសាធារណៈផ្សេងៗ ហើយការតភ្ជាប់ទាំងអស់នេះ គឺដើម្បីឱ្យអ្នកទស្សនាទទួលអារម្មណ៍ប្លែក និងបទពិសោធន៍ថ្មីក្នុងការរស់នៅពីមួយជំនាន់ទៅមួយជំនាន់ និងធានាបានការថែរក្សានូវអត្តសញ្ញាណ្ណរបស់ខ្លួន។
លោក រៀម សភាថិរវន្ត និស្សិតឆ្នាំទី៥ ដេប៉ាតឺម៉ង់ទេពកោសល្យស្ថាបត្យកម្ម នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
និស្សិតឆ្នាំទី៥ ដេប៉ាតឺម៉ង់ទេពកោសល្យស្ថាបត្យកម្ម នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រូបនេះ បញ្ជាក់បន្ថែមថា លក្ខណៈពិសេសនៃគម្រោងរចនាផ្សារចាស់ រហូតគណៈកម្មការបានផ្តល់ជ័យលាភីឯកក្នុងការប្រកួតស្នាដៃរចនាសហគមន៍ឆ្នាំ២០២៤ គឺគំនិតផ្ដោតលើការដោះស្រាយបញ្ហាចរាចរណ៍នៅទីតាំងផ្សារចាស់ និងការរចនាដើម្បីទាក់ទាញភ្ញៀវទេសចរ។ បើតាមលោក សភាថិរវន្ត សម្រាប់គម្រោងរចនាសួនផ្សារចាស់នេះ ក្រុមខ្លួនបានគិតគូរដំណាក់កាលនៃការៀបចំសម្រាប់៥ឆ្នាំខាងមុខ គឺការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ករណីមានគម្រោងស្ពានអាកាសឆ្លងកាត់ចូលទីក្រុង, លើសពីនេះ ក៏មានការបំផុសគំនិតបន្ថែមមុខងារអាជីវកម្ម ដូចជា ផ្សារទំនើប Apple Store ដែលជាកន្លែងមានកក្កដានុពល អាចមានភ្ញៀវទេសចរច្រើន និងអាចរកប្រាក់ចំណូលសម្រាប់ជាតិ។ ជាពិសេស បង្កើតឱ្យមានលំហបៃតង សកម្មភាពសហគមន៍ កន្លែងកម្សាន្ត កន្លែងហាត់ប្រាណ កន្លែងសម្រាប់លក់ដូរតិចតួច ក៏ដូចជាកន្លែងសម្ដែងផ្សេងៗ។
ឯកឧត្តម ជា ច័ន្ទថែបរ៉ាស អគ្គលេខាធិការរងគណៈស្ថាបត្យករកម្ពុជា និងជាគណៈកម្មការដាក់ពិន្ទុ មានប្រសាសន៍ថា ការដែលគណៈកម្មការសម្រេចផ្ដល់ជ័យលាភីដល់ក្រុម ICT003 សម្រាប់គម្រោងសួនច្បារផ្សារចាស់ គឺដោយសារគម្រោងដែលប្អូនៗនិស្សិតធ្វើឡើងនោះ គឺសមស្របទៅនឹងការយកទៅប្រើក្នុងការអនុវត្តជាក់ស្ដែង ងាយស្រួល និងសមហេតុសមផលជាងគេ។
កញ្ញា នួន សុលីតា សមាជិកក្រុម ICT003 លើកឡើងថា សម្រាប់គម្រោងសួនច្បារផ្សារចាស់ដែលក្រុមរបស់នាងបានធ្វើនេះ នឹងរំពឹងថាអាចដោះស្រាយបញ្ហាចរាចរណ៍យ៉ាងពិតប្រាកដ ដោយក្នុងការគណនាគម្រោងនោះ គឺមានចំណតគ្រប់គ្រាន់សម្រាប់សាធារណៈជន ជាពិសេសផ្តល់ដំណោះស្រាយបញ្ហាសំរាម អនាម័យ បរិស្ថានក្នុងទីក្រុង និងលើកកម្ពស់ជីវភាពប្រជាជន។ កញ្ញា សុលីតា ក៏រំពឹងដែរថា ភាគីពាក់ព័ន្ធ ក្រសួង ស្ថាប័ន នឹងយកគម្រោងកែលម្អសួនផ្សារចាស់របស់ក្រុមខ្លួន ទៅអនុវត្តឱ្យចេញជារូបរាង ដោយថា គម្រោងមួយនេះ ក្រុមខ្លួនបានសិក្សាយ៉ាងល្អិតល្អន់ទាក់ទងនឹងការអភិវឌ្ឍថ្មីៗនៅក្នុងទីក្រុង ដូចជាការសាងសង់ស្ពានថ្មី ដោយគិតគូរអំពីបញ្ហាចរាចរណ៍ដែលអាចកើតមាននៅទីក្រុងភ្នំពេញនាពេលអនាគត។
គួរជំរាបជូនដែរថា ក្រៅពីគម្រោងរចនាសួនច្បារផ្សារចាស់ដែលបានជាប់ជ័យលាភីនេះ ក្រុមនិស្សិតស្ថាបត្យកម្ម នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលមានសមាជិកក្រុមចំនួន៥នាក់នេះ ក៏ធ្លាប់បានសិក្សាគម្រោងកែលម្អសួនច្បារមាត់ទន្លេ ចាប់ពីផ្សាររាត្រីមកដល់វត្តឧណ្ណាឡោម ក៏ដូចជាធ្លាប់បានធ្វើការបំផុសគំនិតឱ្យមានការកែលម្អផ្លូវរទេះភ្លើងក្នុងខណ្ឌសែនសុខ ឱ្យកាន់តែមានភាពទាក់ទាញជាងមុន និងមានសកម្មភាពសហគមន៍ជាងមុន។ លើសពីនេះ កាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅក្រុមមួយនេះ ក៏បានធ្វើគម្រោងបណ្ណាល័យសាធារណៈ និងកែលម្អហេដ្ឋរចនាសម្ព័ន្ធនានានៅក្នុងសួនច្បារខេត្តឧត្តរមានជ័យទៀតផង៕