បន្ទាប់ពីធ្វើការអភិវឌ្ឍអស់រយៈពេល 7ខែ គម្រោងខុនដូ The Parkway បានបើកលក់ជាផ្លូវការដើម្បីផ្ដល់ជូនអតិថិជនដែលមានបំណងចង់បានបន្ទប់ស្នាក់នៅយ៉ាងល្អនៅក្នុងគម្រោងនេះ ។
លោក សួ សុខថេង នាយកប្រតិបត្ដិនៃក្រុមហ៊ុន Parkway Investment Co., Ltd បានលើកឡើងថា អ្វីដែលធ្វើឱ្យយើងសម្រេចចិត្ដបោះទុនវិនិយោគលើគម្រោង The Parkway ព្រោះយើងផ្អែកទស្សនវិស័យវែងឆ្ងាយ និងការបោះជំហ៊ានទៅមុខយ៉ាងលឿនរបស់កម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនដែលធ្វើឱ្យប្រជាជនកាន់តែមានកម្រិតជីវភាពល្អប្រសើរ ។
The Parkway ស្ថិតនៅក្រោមការវិនិយោគរបស់ក្រុមហ៊ុន Parkway Investment Co., Ltd សហការជាមួយក្រុមហ៊ុន Nantong City Da xin Engineering (Cambodia) Co., Ltd ដោយចំណាយទុនវិនិយោគប្រមាណជាង 100លានដុល្លារអារមេរិក។ គម្រោងនេះនឹងបង្កើតឱ្យមានអគារចំនួនបី ដែលអគារទីមួយមានកម្ពស់ 29ជាន់ និងអគារទីពីរមានកម្ពស់ 25ជាន់ ព្រមទាំងអគារទីបីមានកម្ពស់ 35ជាន់។ ក្នុងនោះមានអគារពាណិជ្ជកម្ម និងមានបន្ទប់ទំនើប 1500យូនីត ដែលមានទំហំចាប់ពី 45-135ម៉ែត្រការ៉េ គម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅឆ្នាំ 2020។
គម្រោង The Parkway នឹងត្រូវបានសង់ឡើងដោយក្រុមហ៊ុន Da Xin Ltd ជាក្រុមហ៊ុនល្បីឈ្មោះនៅប្រទេសចិនដែលបានសាងសង់ពហុកីឡាដ្ឋាននៅទីក្រុងប៉េកាំង។ ក្នុងគម្រោងនេះត្រូវបានរៀបចំឱ្យមាន Sky bar ,Sky Garden ,Sky Swimming pool និងកន្លែងហាត់ប្រាណជាដើម។ អគារនេះត្រូវបានសាងសង់ឡើងបំពាក់ដោយសម្ភារៈបរិក្ខាទំនើបៗ និងប្រព័ន្ធការពារយ៉ាងល្អដែលជាបច្ចេកវិទ្យាចុងក្រោយ រួមទាំងមានចំណតរថយន្ដប្រមាណ 800កន្លែង។ ជាងនេះវា ត្រូវបានគ្រប់គ្រង់ការសាងសង់ដោយលោក Leon Zheng មានតួនាទីជា Director of Business Operations of Pelli Design International ដែលជាស្ថាបត្យការកម្រិត A នៅសហរដ្ឋអាមេរិក។
នាយកប្រតិបត្ដិនៃក្រុមហ៊ុន Parkway Investment Co., Ltd បន្ថែមថា មូលហេតុលោកសម្រេចចិត្ដអភិវឌ្ឍន៍នៅក្នុងតំបន់ទួលគោកដែលស្ថិតនៅលើផ្លូវ273 ព្រោះលោកយល់ថាក្រៅពីតំបន់ដែលមានសក្ដានុពលនៅក្នុងរាជធានីភ្នំពេញដែលមានដូចជាតំបន់បឹងកេងកង ទួលគោលក៏ជាតំបន់មានសក្ដានុពលក្នុងការអភិវឌ្ឍដែរ ពិសេសបច្ចុប្បន្នតំបន់នេះកំពុងតែមានការអភិវឌ្ឍខ្លាំងដែលហ៊ុំព័ទ្ធទៅដោយអគារខ្ពស់ៗជាច្រើ ដូចជាមជ្ឈមណ្ឌលពាណិជ្ជកម្ម TK និងផ្សារទំនើបអ៊ីអនពីរជាដើម ដែលយើងមើលឃើញថា វាជាកម្លាំងចលករក្នុងការទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជនក្នុងស្រុក និងក្រៅស្រុកយ៉ាងល្អ។
ជាមួយគ្នានេះលោកសួ សុខថេង បញ្ជាក់ថា៖ «មូលហេតុដែល The Parkway ទើបតែប្រកាសលក់គម្រោងរបស់ខ្លួនក្រោយពីមានការសាងសង់រយៈពេល 7ខែមកនេះ ព្រោះយើងចង់សាងសង់ឱ្យបានចេញជារូបរាងខ្លះ។ ការធ្វើបែបនេះយើងចង់បង្ហាញឱ្យឃើញថា យើងជាម្ចាស់គម្រោងដែលមានទុនវិនិយោគគ្រប់គ្រាន់ក្នុងការអភិវឌ្ឍដែលអាចផ្ដល់ទំនុកចិត្ដជូនដល់អតិថិជនបាន100%»៕