ភ្នំពេញ ៖ ពានរង្វាន់អាស៊ាន សម្រាប់អាជីវកម្ម និងធុរកិច្ច ដែលបានជួយកិច្ចការសង្គមប្រចាំឆ្នាំ ២០២៤ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញប្រទេសកម្ពុជា កាលពីរាត្រីថ្ងៃទី ១១ វិច្ឆិកា ២០២៤ ដោយសហគ្រិនចំនួន៧៥រូបមកពី១៩ប្រទេស ត្រូវបានជ្រើសរើសសម្រាប់ការផ្ដល់ជូនពានរង្វាន់ដ៏អស្ចារ្យមួយនេះ ។
នៅក្នុងឱកាសនៃពិធីប្រគល់ពានរង្វាន់នេះដែរ លោកហ៊ាង វុទ្ធា ប្រធានក្លិប Global Entrepreneur 1% Club បានមានប្រសាសន៍ឱ្យដឹងដែរថា ពានរង្វាន់អាស៊ាន សម្រាប់អាជីវកម្ម និងធុរកិច្ច ដែលបានជួយកិច្ចការសង្គមប្រចាំឆ្នាំ២០២៤នេះ បានឆ្លុះបញ្ចាំងយ៉ាងជ្រាលជ្រៅជាមួយនឹងទំនួលខុសត្រូវសង្គមរួមរបស់យើង ចំពោះកិច្ចការជួយសង្គម ។ ម្យ៉ាងវិញទៀត វាមិនត្រឹមតែលើកកម្ពស់ដំណើរការអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់មនុស្សជុំវិញយើងផងដែរ ។ ការជួបជុំ នៅក្នុងថ្ងៃនេះ ក៏ឆ្លុះបញ្ចាំងពីជំហានសំខាន់ៗ ដែលយើងធ្វើក្នុងនាមយើងជាផ្នែកមួយក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព លើកកម្ពស់ជីវិត និងរួមចំណែកដល់សុខុមាលភាពនៃសង្គមនៃតំបន់អាស៊ានទាំងមូល ។
លោកបន្តថា កម្មវិធីពានរង្វាន់នេះ ត្រូវបានរៀបចំឡើងអស់រយៈពេល៨០ថ្ងៃដែលមានអ្នកចូលរួមដាក់ពាក្យចំនួន ៣.៧៦០នាក់ មកពីបណ្ដាប្រទេសចំនួន៣៩ប្រទេស ។ ក្នុងនោះគណៈកម្មាធិការបានជ្រើសរើសអ្នកមានសក្ដានុពលចំនួន ៤៨០នាក់ ហើយឈានទៅដល់វាយតម្លៃជាផ្លូវការចំនួន ២៨០នាក់ មកពី៣០ប្រទេស ។ ជាចុងក្រោយ គណៈកម្មាធិការ បានសម្រេចជ្រើសរើស យកម្ចាស់ជ័យលាភីសរុបចំនួន៧៥រុបមកពីប្រទេសចំនួន១៩ ដើម្បីផ្ដល់ជូនពានរង្វាន់នៅក្នុងថ្ងៃនេះ ។
លោកបណ្ឌិតគង់ វិចិត្រា ស្ថាបនិកអង្គការ KPF និងជាអនុប្រធានក្លិប Global Entrepreneur 1% Club ( កិច្ចការងារសង្គម ) បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងចក្ខុវិស័យរបស់សមាគម ដែលមិនគិតត្រឹមតែរកប្រាក់ចំណេញប៉ុណ្ណោះទេ តែថែមទាំងផ្ដល់ត្រលប់មកវិញដល់សង្គមផងដែរ ។
លោកបន្តថា ការទទួលខុសត្រូវសង្គម មិនគ្រាន់តែជាការផ្ដល់ត្រលប់មកវិញទេ វាគឺជាការកសាងអនាគតប្រកបដោយចីរភាពសម្រាប់មនុស្សគ្រប់រូប ។ ក្នុងនាមជាអ្នកទទួលខុសត្រូវលើការទទួលខុសត្រូវសង្គមមួយរូបរបស់សមាគមក្លិប លោកក៏បានអំពាវនាវដល់ម្ចាស់អាជីវកម្ម និងសហគ្រិនជាច្រើនផ្សេងទៀត បន្តគាំទ្រសង្គមរបស់យើង ដោយសារវាមានសារសំខាន់ណាស់សម្រាប់អភិវឌ្ឍប្រទេសយើង ។
តាមរយៈពានរង្វាន់មួយនេះដែរ ក្លឹបអ្នកវិនិយោគនេះនឹងរំពឹងថានឹងមានសហគ្រិនជាច្រើនទៀត ចូលរួមក្នុងកិច្ចការសង្គមបានកាន់តែច្រើន ហើយក៏រំពឹងថានឹងមានការរៀបចំពានរង្វាន់ដ៏អស្ចារ្យមួយនេះ និងមានការចូលរួមគាំទ្រពីសំណាក់បណ្ដាក្រុមហ៊ុន និងម្ចាស់អាជីវកម្មទៅលើការរៀបចំកម្មវិធីប្រគល់ពានរង្វាន់កាន់តែធំនិងអស្ចារ្យជាងពេលនេះ ។
នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់នេះដែរកាលពីរាត្រីថ្ងៃទី១១ វិច្ឆិកា ២០២៤ ក៏មានការចូលរួមពីតំណាងក្រសួងស្ថាប័នសំខាន់ៗ មួយចំនួនរួមមាន តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងមកពីក្រសួងពាណិជ្ជកម្ម ប្រធានសភាពាណិជ្ជកម្មសិង្ហបុរីប្រចាំប្រទេសកម្ពុជា និងប្រធានសមាគមវិនិយោគកម្ពុជាសិង្ហបុរីជាដើម ។
គួរបញ្ជាក់ថាកម្មវិធី “ពានរង្វាន់អាស៊ានសម្រាប់អាជីវកម្មនិងធុរកិច្ចដែលជួយកិច្ចការសង្គម”ត្រូវបានបែងចែកទៅជាពានរង្វាន់មាន៥ប្រភេទដែលក្នុងនោះពានរង្វាន់អាស៊ានសម្រាប់ថ្នាក់ពាន់សហគមន៍និងធុរកិច្ចដែលជួយកិច្ចការសង្គមមានចំនួន១០រូបពានរង្វាន់អាស៊ានសម្រាប់ថ្នាក់ពានសិល្បករ/សិល្បការីនីនិងធុរកិច្ចដែលជួយកិច្ចការសង្គមចំនួន៣រូបពានរង្វាន់អាស៊ានសម្រាប់អាជីវកម្មនិងធុរកិច្ចដែលជួយកិច្ចការសង្គមចំនួន១២រូបពានរង្វាន់អាស៊ានសម្រាប់ពានសហគ្រិន និងធុរកិច្ចដែលជួយកិច្ចការសង្គមចំនួន ៣៤រូប និងពានរង្វាន់អាស៊ានសម្រាប់ថ្នាក់ដឹកនាំ និងធុរកិច្ចដែលជួយកិច្ចការសង្គមចំនួន ១៣រូប៕