ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ ដោយក្រសួងពាណិជ្ជកម្មកម្ពុជាបាននឹងកំពុងរៀបចំ “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” ក្រោមមូលបទនៃ “យុគសម័យថ្មីនៃពាណិជ្ជកម្ម” នាថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ។
យោងតាមក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងរៀបចំឡើងក្រោមមូលបទ យុគសម័យថ្មីនៃពាណិជ្ជកម្ម (Trade Renaissance) ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលភីអេច ល្ខោនហល បុរីប៉េងហួតបឹងស្ងោ រាជធានីភ្នំពេញ ដើម្បីលើកកម្ពស់សកម្មភាពពាណិជ្ជកម្មនិង វិនិយោគ ផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ។
នៅក្នុងកម្មវិធីលំដាប់អន្តរជាតិនេះផងដែរ ក៏នឹងមានរៀបចំស្តង់តាំងបង្ហាញផលិតផល និងសេវាកម្មជាច្រើនប្រភេទ ដូចជា ផលិតផលដែលមានសក្តានុពលនៅក្នុងប្រទេសកម្ពុជា ផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ ផលិតផលឧស្សាហកម្ម សេវាកម្ម ធនាគារ និងវិនិយោគ ព្រមទាំងមានកម្មវិធីអមសំខាន់ៗដូចជា វេទិកាពាណិជ្ជកម្មឌីជីថល វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-សាធារណរដ្ឋកូរ៉េ ជំនួបពាណិជ្ជកម្ម សិក្ខាសាលាស្តីពីការជំរុញការនាំចេញ និងការប្រគំតន្ត្រីជាដើម។
នៅក្នុងឱកាសនោះដែរ ក៏នឹងមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា អញ្ជើញជាអធិបតីនៅក្នុងពិធីបើកជាផ្លូវការនៃពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE) នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ផងដែរ។
ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជាមានការរំពឹងទុក និងមានជំនឿយ៉ាងមុតមាំថា ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ពាណិជ្ជករ ផលិតករ អ្នកវិនិយោគ និងសាធារណជនទាំងអស់នឹងចូលរួមនៅក្នុងព្រឹត្តិការណ៍នេះឱ្យបានច្រើនកុះករ និងចាប់យកឱកាសដ៏ល្អនេះ ដើម្បីពង្រឹង និងពង្រីកសកម្មភាពអាជីវកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត៕
សូមចូលរួមទាំងអស់គ្នា!