ភ្នំពេញ ៖ កាលពីសប្ដាហ៍កន្លងទៅនេះ នៅទីក្រុងភ្នំពេញ នាយិកាទីភ្នាក់ងារជំនួយអាមេរិក USAID អ្នកស្រី Samantha Power បានប្រកាសអំពីការវិនិយោគមួយចំនួនរបស់សហរដ្ឋអាមេរិកដើម្បីគាំទ្រដល់ប្រជាជនកម្ពុជាលើវិស័យសំខាន់ៗរួមមាន៖ សន្តិសុខស្បៀង ការអភិរក្សបរិស្ថាន សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងការងារ។
ក្រៅពីការគាំទ្រជីវភាពប្រជាជនកម្ពុជាតាមរយៈការវិនិយោគដូចបានលើកឡើងខាងលើ អាមេរិកក៏បានផ្តល់ជំនួយសំខាន់ៗបន្ថែមទៀត រួមមានថវិកាជំនួយសម្រាប់កម្មវិធី “ស្បៀងដើម្បីភាពជឿនលឿន” ជាង ២៩លានដុល្លារ ផ្តល់ពីក្រសួងកសិកម្មសហរដ្ឋអាមេរិកដើម្បីពង្រឹងវិស័យសុខភាព និងការរីកចម្រើននៃវិស័យកសិកម្មរបស់កម្ពុជាតាមរយៈការលើកកម្ពស់ការអនុវត្តសុវត្ថិភាពចំណីអាហារ បច្ចេកវិទ្យាឆ្លាតវៃអាកាសធាតុ និងការកែលម្អទំនាក់ទំនងទីផ្សារ។
បន្ថែមពីលើនេះ កិច្ចខិតខំប្រឹងប្រែងថ្មីត្រូវបានប្រកាសដើម្បីការពារជីវចម្រុះដ៏សម្បូរបែបនៃទន្លេមេគង្គក្រោម ព្រមទាំងថវិកា ជាង ៦ លានដុល្លារពីទីភ្នាក់ងារជំនួយអាមេរិក USAID ដើម្បីគាំទ្រដល់សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិការងារនៅកម្ពុជា។
ទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈការផ្តល់ថវិកាចំនួន ៣ លានដុល្លារពីក្រសួងការងារសហរដ្ឋអាមេរិក នឹងបន្តគាំទ្រដល់ពលរដ្ឋខ្មែរដែលធ្វើមាតុភូមិនិវត្តន៍ពីសហរដ្ឋអាមេរិកវិញ ព្រមទាំងដោះស្រាយឧបសគ្គសម្រាប់ជនមានពិការភាព។ ជំនួយទាំងនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា ឆ្ពោះទៅរកគោលដៅរួមសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលប្រកបទៅដោយវិបុលភាព និងបរិយាបន្ន៕