Skip to content

គោលនយោបាយ​ដំឡូង​មី រង​ការរិះគន់ ព្រោះ​ជា ដំណាំ​មិនមាន​សក្តានុពល

ខណៈពេលដែល​ក្រសួងពាណិជ្ជកម្ម កំពុង​ប្រឹងប្រែង​បង្កើត​គោលនយោបាយ​ដំឡូង​មីនោះ​អ្នកជំនាញ​មាន​ក្តី​រំពឹងថា គោលការណ៍​ដំឡូង​មី​នឹង​អាចមាន​ភាព​ប្រហាក់ប្រហែល​ជាមួយ​គោលនយោបាយ​ស្រូវ​អង្ករ​ដែល​បច្ចុប្បន្នកំពុង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​រាជរដ្ឋាភិបាល​ទាំង​ផ្លូវច្បាប់ និង​មូលនិធិ។

អ្នក​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​កសិកម្ម​ខ្លះ​ហាក់​បង្ហាញ​ពី​ភាពមិន​យល់ស្រប​ទៅនឹង​គំនិត​បង្កើត​គោលនយោបាយ​ដំឡូង​មី ដែលមាន​គោលបំណង​លើកស្ទួយ​ដល់​ការដាំដុះ ការវិនិយោគ នីតិវិធី​នាំចេញ​និង​ការបង្កើន​ជីវភាព​ដល់​ប្រជាជន​ក្រីក្រ ដោយ​អ្នកខ្លះ​អះអាងថា​ប្រាក់ចំណូល​ពី​ដំឡូង​មីនេះ​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ។ ក្នុង​កិច្ចសន្ទនា​តាម​បណ្តាញ​សង្គម​ក្នុងចំណោម​អ្នក​ធុរកិច្ច​ក្នុង​វិស័យ​ស្រូវ​អង្ករ អ្នក​ប្រកប​ធុរកិច្ចសំខាន់ៗ ហាក់​បង្ហាញ​ពី​ការមិន​ឯកភាព​ចំពោះ​ការលើកស្ទួយ​ធុរកិច្ច​ក្នុង​ផ្នែក​ដំឡូង​មីនេះ​ទេ។

លោក​បណ្ឌិត សុក ហាច នាយក​ក្រុមហ៊ុន​ហ្គោ​ដិ​ន រ៉ា​យស៍ ដែលជា​ក្រុមហ៊ុន​ធំ​មួយ​ក្នុងការ​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ បាន​លើក​ជា​សំណួរ​ថា “តើ​ការវិនិយោគ និង​ការលើកស្ទួយ​ធុរកិច្ច​ដំឡូង​មី ជា​ជម្រើស​ល្អ?។ ចំណែក លោក​ឧកញ៉ា ចាន់ សុឃាង នាយក​ក្រុមហ៊ុន Signature Asia បាន​លើកឡើងថា ការដាំដុះ​ដំឡូង​មី តាម​គោលការណ៍​ធម្មជាតិ​ទទួលបាន​ទិន្នផល​តិច​ណាស់។ ដំណាំ​ដំឡូង​មី ត្រូវការ​សារធាតុចិញ្ចឹម​ខ្ពស់ជាង​ដំណាំផ្សេងៗទៀត ហើយ​មិនសូវ​ទទួលបាន​តម្លៃ​ខ្ពស់​នោះទេ។ លោក​ឧកញ៉ា អះអាង៖“យើង​គួរ​សម្លឹងមើល​ដំណាំ​ផ្សេង​វិញ​ជាជាង​ដំឡូង​មី​ដែលមាន​តម្លៃ​តែ​ពី700-800ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ហិកតា។ រឿងនេះ​គេ​មិនគួរ​ធ្វើ​សោះឡើយ។

លោក ដេវីត វណ្ណ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Deewee Management Consultants ដែលជា​វាគ្មិន​មួយរូប​នៃ​វេទិកា​ធុរកិច្ច និង​វិនិយោគ​ផ្នែក​ដំឡូង​មី បាន​អះអាងថា ការរៀបចំ​គោលនយោបាយ​ដំឡូង​មីនេះ​គឺមាន​លក្ខណៈ​ស្រដៀង​គ្នា បើ​ធៀប​ទៅនឹង​គោលនយោបាយ​ស្រូវ​អង្ករ។ លោក​បាន​និយាយថា គ្មាន​ប្រជាកសិករ​ច្រើន​ទេ​ដែល​ដឹង​ច្បាស់​ពី​ទីផ្សារ ការដាំដុះ ការប្រើប្រាស់​ពូជ និង​ការគាំទ្រផ្សេងៗទៀត។ នៅពេលណា​រដ្ឋា-ភិ​បាល​ផ្តល់​ការគាំទ្រ អ្វីៗនឹង​ប្រសើរឡើង​ដូចជា​វិស័យ​ស្រូវ​អង្ករ​ដូច្នេះ​ដែរ ដែលមាន​ការរៀបចំ​យ៉ាង​ល្អ ហើយ​បាន​ក្លាយជា​រូបភាព​ដ៏​ច្បាស់លាស់​មួយ​សម្រាប់​ទិដ្ឋភាព​វិនិយោគ។

ជា​អ្នកវិនិយោគ​ក្នុង​ផ្នែក​ដំឡូង​មី លោក ប្រាក់ ដា​វីដ នាយក​គ្រប់គ្រង​ដំណាំ​នៃ​ក្រុមហ៊ុន បាត់ដំបង កសិឧស្សាហកម្ម បាន​ប្រាប់ថា បច្ចុប្បន្ន​ក្រុមហ៊ុន​របស់លោក​បាន​ជួប​ការលំបាក​មួយចំនួន​ក្នុង​ការប្រមូលទិញ​ដំឡូង​មី​ពី​ប្រជាកសិករ ដោយសារ​គុណភាព​ដំឡូង​មី​មិនទាន់​សមស្រប ហើយ​ទិន្នផល​មាន​តាម​រដូវ​ប៉ុណ្ណោះ។ ក្នុង​រយៈពេល​មួយឆ្នាំ រោងចក្រ​នេះ​ផលិត​បាន46,000តោន​ជា​ម្សៅ ដែលមាន​បរិមាណ​ប្រមាណ20ម៉ឺន​តោន​នៃ​ដំឡូង​មី​ស្រស់។ ម្សៅដំឡូង​មី​មានតម្លៃ​ជាង300ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​តោន។

លោក ដា​វីដ បាន​បញ្ជាក់ថា៖“ការរៀបចំ​គោលនយោបាយ​ដំឡូង​មីនេះ​អាចជា​ផែ្ន​កមួយ​សំខាន់​ជួយ​ជំរុញ​លើកទឹកចិត្ត​ដល់​អ្នក​ប្រកប​អាជីវកម្ម​ក្នុង​ផ្នែក​ដំឡូង​មី​ឱ្យទទួល​បាន​នូវ​ការជួយជ្រោមជ្រែង​ពី​អ្នកជំនាញ​បន្ថែមទៀត។

លោក Nick Beresford នាយក​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ប្រចាំ​កម្ពុជា ដែលជា​អ្នកផ្តល់​មូលនិធិ​សម្រាប់​រៀបចំ​វេទិកា​ធុរកិច្ច និង​វិនិយោគ​ដំឡូង​មី លើក​ទី1 នេះ​បានផ្តល់​ហេតុផល​ថា ការផ្តោត​លើ​ការកសាង​គោលនយោបាយ​ដំឡូង​មីនេះ គឺ​ស្របទៅតាម​សក្តានុពល​មួយចំនួន​ដែល​កសិករ​តាម​បណ្តា​ខេត្ត​មួយចំនួន​កំពុង​អនុវត្ត។

លោក និយាយថា៖“ពិត​ហើយ ដំឡូង​មី​មានឱកាស​ច្រើន វា​អាច​បន្ថែម​ទៅលើ​កំណើនសេដ្ឋកិច្ច និង​មាន​ចង្វាក់​តម្លៃ​ខ្ពស់ ព្រមទាំង​បង្កើន​ពិពិធ​កម្ម​ផលិតផល ដោយ​មិន​ផ្តោត​តែ​លើ​ផ្នែក​ស្រូវ​អង្ករ។ យើង​ក៏​សង្កេតឃើញ​ប្រជាកសិករ​នៅក្នុង​ខេត្តបាត់ដំបង និង​នៅ​តំបន់ផ្សេងៗទៀត​គេ​ភាគច្រើន​មិនមែនជា​អ្នកមាន ដោយ​ពួកគាត់​ត្រូវការ​កំណើន​លើ​ប្រាក់ចំណូល។ បើសិន​យើង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​របៀប​នៃ​ការដាំដុះ មានពូជ​ល្អ មាន​ទិន្នផល​ខ្ពស់ និង​មាន​ទីផ្សារ​ល្អ ទាំងនេះ​នឹង​ក្លាយជា​ឱកាសល្អ​សម្រាប់​ភាព​រីកចម្រើន ដូចជា​រួមបញ្ចូល​សហ​គម​ន៍​ក្រីក្រ​ទៅក្នុង​ភាព​រីកចម្រើន។ ដូចនេះ​រាល់​កិច្ចខិតខំ​ប្រឹងប្រែង​នឹង​ត្រូវបាន​ចែករំលែក ដើម្បី​ភាព​រីកចម្រើន​នៅ​កម្ពុជា។

ការនាំចេញ​បង្ហាញឱ្យឃើញថា កាលពី​ឆ្នាំ2014 កម្ពុជា​នាំចេញ​ដំឡូង​មី​សរុប1,419,142តោន ក្នុងនោះ​ការនាំចេញ​ទៅកាន់​ប្រទេស​ចិន មាន​បរិមាណ 94,209តោន ប្រទេស​វៀតណាម មាន​បរិមាណ 524,133តោន និង ប្រទេស​ថៃ មាន​បរិមាណ​ជាង 800,800តោន។ ចំណែក​ឆ្នាំ2015 ការនាំចេញ​មាន​បរិមាណ​សរុប2,266,261តោន ក្នុងនោះ​ការនាំចេញ​ទៅកាន់​ប្រទេស​ចិន​មាន​បរិមាណ149,412 តោន ប្រទេស​វៀតណាម330,874តោន និង​ប្រទេស​ថៃ1,785,975តោន។ សម្រាប់​ឆ្នាំ2016 ការនាំ​ចេញទៅ​ប្រទេស​ទាំង3 មាន​បរិមាណ​សរុប2,888,833តោន ដោយ​ក្នុងនោះ​ការនាំចេញ​ទៅកាន់​ប្រទេស​ចិន​មាន​បរិមាណ 87,433តោន ប្រទេស​វៀតណាម294,400តោន និង​ប្រទេស​ថៃ មាន​បរិមាណ 2,507,000តោន។

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម មានប្រសាសន៍ថា ការរៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​ដំឡូង​មីនា​ពេលនេះ គឺជា​ការឆ្លើយតប​ទៅនឹង​ការធ្វើ​ពិពិធ​កម្ម​ផលិតផល​សម្រាប់​នាំចេញ ដោយសារ​ដំឡូង​មីនេះ​ជា​វត្ថុធាតុដើម​សំខាន់​មួយ​ក្នុង​ការផលិត និង​កែច្នៃ​ទៅជា​ផល​ផលផ្សេងៗជាច្រើន​ទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *