យោងតាមការស្ទង់មតិជាសកលមួយបានបង្ហាញថា អ្នកដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជាតិសិង្ហបុរី National University of Singapore (NUS) មានការងារធ្វើច្រើនលំដាប់ទី 16 លើពិភពលោក។
NUS ជាសាកលវិទ្យាល័យមួយរបស់សិង្ហបុរីដែលស្ថិតក្នុងចំណោមសាកលវិទ្យាល័យល្អបំផុតទាំង 20លើពិភពលោកដែលមាននិស្សិតទទួលបានការងារធ្វើច្រើនបំផុត។
សាស្ត្រាចារ្យ Tan Eng Chye នាយករងផ្នែកកិច្ចការអប់រំរបស់ NUS បានថ្លែងថា លក្ខខណ្ឌដែលធ្វើឱ្យ NUS ទទួលបានចំណាត់ថ្នាក់ល្អនេះ គឺផ្អែកទៅលើភាពល្អប្រសើរក្នុងការចែករំលែកចំណេះដឹង ការគ្រប់គ្រងភាពតានតឹង ឬភាពធុញថប់ក្នុងការសិក្សា ការអនុវត្ត និងបទពិសោធបានល្អ និងការជំរុញឱ្យមានទំនាក់ទំនងល្អជាមួយនឹងស្ថាប័នសំខាន់ៗនានាលើពិភពលោកជាដើម។
សាស្ត្រាចារ្យ Tan Eng Chye បាននិយាយថា៖ «NUS នឹងបន្តអនុវត្ត និងអភិវឌ្ឍនូវយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីធ្វើយ៉ាងណាជំរុញនិស្សិតឱ្យមានសមត្ថភាពកាន់តែខ្លាំងស្របតាមការផ្លាស់ប្តូររបស់ពិភពលោក ហើយនឹងទាន់តម្រូវការទីផ្សារការងារនៅថ្ងៃអនាគតដែលនឹងចូលមកដល់»។
សាស្ត្រាចារ្យខាងលើបានលើកឡើងផងដែរថា សាកលវិទ្យាល័យដ៏ល្បីនេះនឹងបន្តអភិវឌ្ឍមុខជំនាញ និងមេរៀនរបស់ខ្លួនដូចជាការបង្កើតវិទ្យាស្ថានដើម្បីសិក្សាឱ្យមានជីវិតរស់នៅយូរអង្វែង (lifelong learning) ហើយនឹងបន្តតាមដាន និងអភិវឌ្ឍសមត្ថភាពថ្មីៗដល់និស្សិតឱ្យស្របនឹងការងារក្នុងប្រទេសសិង្ហបុរី និងពិភពលោកទាំងមូល។
គួរបញ្ជាក់ផងដែរថា របាយការណ៍នៃការស្ទង់មតិជាសកលនេះ គឺធ្វើឡើងដោយស្ថាប័ន Time Higher Education ដែលស្ថាប័នដ៏ល្បីល្បាញនេះបានធ្វើការស្ទង់មតិលើស្ថាប័នឯកជនជាច្រើនដែលក្នុងស្ថាប័ននីមួយៗមានបុគ្គលិកប្រមាណជាង 5,000នាក់ ហើយបានជ្រើសរើសបុគ្គលិកបន្ថែមប្រហែលជា 50នាក់ជារៀងរាល់ឆ្នាំ។
ជាលទ្ធផលនៅក្នុងឆ្នាំនេះ សាកលវិទ្យាល័យដែលល្អជាងគេបំផុតគឺ California Institute of Technology និងដេញតាមពីក្រោយដោយសាកលវិទ្យាល័យ Harvard University និង Columbia University តាមលំដាប់៕