នៅរាត្រីថ្ងៃទី17 ខែវិច្ឆិកា ឆ្នាំ2017 ក្នុងបរិវេណសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ មានទស្សនិកជនជាច្រើនបានទន្ទឹងរង់ចាំមើលការប្រកាសលទ្ធផលការប្រកួតបវរកញ្ញាពិភពលោក ឬMiss Global 2017 ដោយម្នាក់ៗនាំគ្នាភ័យអរៗ និងបុកពោះជាខ្លាំង ព្រោះនឹកស្មានថា ចំណាត់ថ្នាក់របស់ Miss Global កម្ពុជាអាចនឹងរបូតទៅហើយ បើទោះបីជាកម្ពុជាជាម្ចាស់ផ្ទះក៏ដោយ ក៏ប៉ុន្ដែអ្វីដែលសឹងតែនឹកស្មានមិនដល់នោះគឺ ការប្រកាសជ័យលាភីនៅក្នុងចំណាត់ថ្នាក់ Top 10 ស្រាប់តែមានឈ្មោះកម្ពុជាស្ថិតក្នុងលំដាប់ចុងក្រោយគេបង្អស់ក្នុងលេខរៀងទី 11។
យ៉ាងណាមិញ កញ្ញា យស ប៉ូលីណា ដែលជាបេក្ខភាពតំណាងប្រទេសកម្ពុជា បានជាប់បន្ដទៀតនៅក្នុងចំណោមបេក្ខភាពទាំង 11 ប្រទេសគឺ កញ្ញា សូម៉ាលី ចិន ន័រវែស ប្រេស៊ីល អូស្ត្រាលី អាល្លឺម៉ង បាហាម៉ាស់ ឡេបាណុន មិកស៊ិក អាមេរិក និងកម្ពុជា៕