ខណៈដែលមានភាពស៊ាំទៅនឹងចំណាត់ថ្នាក់កំពូលតារាងក្នុងរដូវកាលថ្មីៗនេះ ក្រុម Real Madrid និង Atletico Madrid នឹងចាប់ផ្តើមធ្វើការប្រជែងគ្នាជាថ្មីនៅកីឡដ្ឋានថ្មីមួយនៅថ្ងៃសៅរ៍នេះ ខណៈដែលក្រុមទាំងពីរសុទ្ធសឹងត្រូវការឈ្នះដូចគ្នា។
ការជួបភាពត្រដាបត្រដួសនៅដើមរដូវកាល បានធ្វើឲ្យក្រុមទាំងពីរដេញតាមពីក្រោយក្រុមកំពុងនាំមុខលើតារាង La Liga គឺ Barcelona រហូតដល់ទៅ8ពិន្ទុ និង4ពិន្ទុតាមពីក្រោយក្រុមឈរលេខ2 Valencia។ ក្រុមទាំងពីរធ្លាប់បានជួបគ្នាក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ2លើក និងបានឈ្នះពាន La Liga មួយលើកដូចគ្នាក្នុងរយៈពេល4រដូវកាលចុងក្រោយនេះ។ ការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងម៉ាឌ្រីដដូចគ្នានៅថ្ងៃសៅរ៍នេះនឹងក្លាយជាការជួបគ្នាជាលើកទី1នៅកីឡដ្ឋាន Wanda Metropolitano របស់ Atletico ប៉ុន្តែជាលើកទី20 ចាប់តាំងពីខែកុម្ភៈ ឆ្នាំ2014មក ដោយក្រុមទាំងពីរដណ្តើមបានជ័យជម្នះ6លើក និងស្មើ7លើកដូចគ្នានៅក្នុងការជួបគ្នា13លើកចុងក្រោយរបស់ពួកគេ ដែលជាការបង្ហាញថា ពួកគេមានកម្រិតលេងប្រហាក់ប្រហែលគ្នា។ ប៉ុន្តែទោះបីជាយ៉ាងណា ក្រោយពីជួបភាពត្រដាបត្រដួសដូចគ្នានៅឆ្នាំនេះ ទាំងក្រុម Real និង Atletico សុទ្ធសឹងត្រូវធ្វើការប្រជែងដើម្បីតាមឲ្យទាន់ក្រុមខ្លាំង Barcelona។ ការធ្លាក់់ចុះទម្រង់លេងរបស់តារាឆ្នើមនៃក្រុមទាំងពីរគឺ Cristiano Ronaldo និង Antoine Griezmann បានក្លាយជាបញ្ហាដ៏ចម្បងរបស់ក្រុមទាំងពីរដែលស្ថិតក្នុងទីក្រុងម៉ាឌ្រីដនេះ។
Ronaldo បានស៊ុតបាល់បញ្ចូលទីត្រឹមតែ1គ្រាប់គត់ក្នុងចំណោមការប្រកួតក្របខ័ណ្ឌ La Liga 7លើកក្នុងរដូវកាលមកទល់ពេលនេះ បើទោះបីបានស៊ុតបាល់សំដៅទីដល់ទៅ48លើកក៏ដោយ។ Ronaldo បានប្រាប់កាសែតកីឡាប្រចាំថ្ងៃរបស់បារាំង L’Equipe កាលពីថ្ងៃព្រហស្បតិ៍ថា៖ «វាមិនមែនជាកំហុសរបស់ខ្ញុំឡើយ បើសិនជាបាល់វាមិនចង់ចូលទី។ មនុស្សជាច្រើនមើលមកខ្ញុំ ដូចជាខ្ញុំជាម៉ាស៊ីនរកគ្រាប់បាល់ ដូចជាអ្នកដែលអាចរកគ្រាប់បាល់បានគ្រប់ពេលវេលាអ៊ីចឹង»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង2:45ទៀបភ្លឺ៕
ប្រភពពី៖ Sports.yahoo.com