កំពត ៖ វឌ្ឍនភាពការរងារនៃគម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៤ គីឡូម៉ែត្រ ចាប់ពីផ្លូវបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣ សម្រេចបាន ៩៨,៦៨% ហើយ គិតត្រឹមចុងខែតុលា ឆ្នាំ២០២៤នេះ។
យោងតាមរបាយការណ៍វឌ្ឍនភាពនៃការស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ដែលត្រូវបានក្រសួងសាធារណៈការ និងដឹកជញ្ជូនផ្សព្វផ្សាយបានឱ្យដឹងថា ការងារអ៊ុតកៅស៊ូ ACទាំង២ស្រទាប់ បានបញ្ចប់១០០ភាគរយ។ ចំពោះការងារបំពាក់សម្ភារសុវត្តិភាពចរាចរណ៍(គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗក៏បានបញ្ចប់ស្ទើររួចរាល់ហើយដែរ។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ៣១ មានប្រវែងសរុបប្រមាណ ៥៣,៥៣គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណជាង ៦០លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។
សូមជម្រាបដែរថា រាជរដ្ឋាភិបាល មានគម្រោងសាងសង់កែលម្អផ្លូវជាតិលេខ៣១ លេខ៣៣ លេខ៤១ ក្នុងពេលដំណាលគ្នា ដើម្បីឱ្យបណ្តាញហេដ្ឋារចនាសម្ព័ន្ធទាំងនោះប្រទាក់ក្រឡាគ្នា និងតភ្ជាប់ខេត្តកែប ជាមួយផ្លូវជាតិលេខ៣ ដែលទើបបានសាងសង់ចប់ជាស្ថាពរនាពេលកន្លងទៅថ្មីៗ កំពុងផ្តល់ងាយស្រួលក្នុងការធ្វើដំណើរ និងការដឹកជញ្ជូន កសិផល ជាពិសេស ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាខេត្តកែប កាន់តែច្រើនថែមទៀត ៕