ភ្នំពេញ៖ ដោយឈរលើកំណើនសេដ្ឋកិច្ចថេរក្នុងរយៈពេលជិត2ទសវត្សរ៍ចុងក្រោយនេះ បានធ្វើឱ្យកម្ពុជាប្រែខ្លួនពីប្រទេសដែលមានចំណូលទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅត្រឹមឆ្នាំ2017 ហើយកំពុងនឹងក្លាយខ្លួនទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ2030ខាងមុខ។
ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានប្រសាសន៍កាលពីពេលថ្មីៗនេះថា កម្ពុជាកំពុងមានការអភិវឌ្ឍពីមួយឆ្នាំទៅមួយឆ្នាំ ដោយខិតខំរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងបន្តតម្រង់ឆ្ពោះទៅចក្ខុវិស័យ2030 ដើម្បីក្លាយខ្លួនទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។
ក្នុងជំនួបពិភាក្សាការងារ ជាមួយប្រតិភូសមាជិកសហភាពអឺរ៉ុប ទទួលបន្ទុកទំនាក់ទំនងអាស៊ីអាគ្នេយ៍ និងអាស៊ាន ដោយផ្តោតលើការផ្លាស់ប្តូរទស្សនៈស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា និងការផ្លាស់ប្តូរទស្សនៈស្តីពីកម្មវិធីកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា សមិទ្ធផលទាំងនេះកើតចេញពីការខិតខំដោយខ្លួនឯងផង និងដោយមានកិច្ចសហប្រតិបត្តិការល្អពីប្រទេសជាដៃគូ រាប់ទាំងសហភាពអឺរ៉ុបផងដែលបានពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈជំនួយ និងការអនុគ្រោះលើវិស័យពាណិជ្ជកម្ម ដែលនាំឱ្យមានការគោលការណ៍អនុគ្រោះជាដើម។
ឆ្លើយតបទិដ្ឋភាពនេះ លោក Werner Langen ប្រធានគណៈកម្មការធិការសេដ្ឋកិច្ច និងរូបិយវត្ថុរបស់សហភាពអឺរ៉ុបបានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលកម្ពុជាក្នុងការដឹកនាំប្រទេសឆ្ពោះទៅសម្រេចបានផ្លែផ្កាបែបនេះ។ ហើយប្រតិភូអឺរ៉ុបក៏មានបំណងស្វែងយល់ពីកំណែទម្រង់សំខាន់ៗរបស់រដ្ឋាភិបាលដែលបានអនុវត្តកន្លងមក ពិសេសអំពីសកម្មភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរហូតដល់សម្រេចបានជាផ្លែផ្កាមកទល់ពេលនេះ ខណៈពេលដែលកម្មវិធីកែទម្រង់លើវិស័យផ្សេងៗទៀតកំពុងអនុវត្ត។
សូមជម្រាបថា ជាមួយសមិទ្ធផលនេះធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានចាត់ទុកប្រទេសកម្ពុជា ជាមួយប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុត នៅតំបន់អាស៊ី ហើយបានប្រសិទ្ធនាមប្រទេសកម្ពុជា ជា «ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី» ទៀតផង៕