Skip to content

មហោស្រពភាពយន្តខ្លី ចតុមុខ ឆ្នាំ២០២៤ លើកទី១៣

មហោស្រពភាពយន្តខ្លីចតុមុខ លើកទី១៣ នាឆ្នាំ២០២៤នេះ បានរៀបចំឡើងដោយក្រុមភាពយន្តឈូករ័ត្ន ដែលជាអង្គការភាពយន្ត ប្រមូលផ្តុំដោយយុវវ័យដែលស្រឡាញ់ចូលចិត្តវិស័យភាពយន្តខ្នាតខ្លី ដើម្បីជួយលើកស្ទួយ និងជួយគាំទ្រដល់យុវជន យុវនារីខ្មែរយើងឱ្យយល់ដឹង និងមានបំណិនប្រសប់នៅក្នុងការផលិតភាពយន្តខ្លីឱ្យមានគុណភាពខ្ពស់ មានការច្នៃប្រឌិត នឹងឈានទៅរកការផលិតភាពយន្តវែងនាពេលអនាគតបានយ៉ាងរលូនល្អ ជោគជ័យ និងមានការទទួលស្គាល់ពីសំណាក់ផលិតករនៅក្នុងស្រុក និងទូទាំងពិភពលោក។

ក្នុងឱកាសនោះដែរ លោក ស៊ុំ ស៊ីថែន ប្រធានមហោស្រពចតុមុខក្នុងឆ្នាំថ្មីនេះក៏បានលើកឡើងថា “មហោស្រពភាពយន្តខ្លីចតុមុខ លើកទី១៣ នាឆ្នាំនេះ ពិតជាមានមោទនភាពក្រៃលែង ដោយមានការគាំទ្រជាខ្លាំងពីសំណាក់ផលិតករភាពយន្តខ្លីជំនាន់ក្រោយ ដោយក្នុងឆ្នាំ២០២៤នេះ មហោស្រពទទួលបានភាពយន្តខ្លីសរុបចំនួន២៥៩រឿង តែយើងសម្រាំងយកតែ៥៧រឿង ដើម្បីប្រកួត និងចាក់បង្ហាញ ជូនទស្សនិកជន។ ក្នុងនោះ រឿងក្នុងស្រុកសម្រាប់ប្រកួតមានចំនួន៥រឿង និងរឿងបរទេសសម្រាប់ប្រកួតមានចំនួន៩រឿង ដោយមានការដាក់ពិន្ទុពីគណៈមេប្រយោគ២ក្រុមផ្សេងគ្នា ដោយមួយផ្តោត លើភាពយន្តខ្លីខ្មែរ និងមួយទៀតផ្តោតលើភាពយន្តខ្លីបរទេស”។

មហោស្រពភាពយន្តខ្លី ចតុមុខ ឆ្នាំ២០២៤ លើកទី១៣

លោកក៏បានបន្តទៀតថា “កម្មវិធីបើកឆ្នាំនេះ មានការសម្តែងពិសេសពី សាលាសិល្បៈ សម្តែង ក៏ដូចជារំលេចនូវឈុតពិសេសៗពីភាពយន្តខ្នាតវែងបែបរន្ធត់ រឿង «អ្នកស្នងអគារ» ដែលសហដឹកនាំដោយ លោក នេត ឥន្ទនរាសុទ្ធីដ្ឋេព ដែលជាម្ចាស់ជ័យលាភីពីមហោស្រពចំនួន២ដង គឺនៅឆ្នាំ២០១៧ និងឆ្នាំ២០១៩។ ការចាក់បង្ហាញនេះ ចង់បង្ហាញថា យុវសមិទ្ធករយើងពិតជាទទួលបាននូវឱកាសអភិវឌ្ឍស្នាដៃរបស់ខ្លួន តាមរយៈវេទិការបស់មហោស្រព ដោយផ្សារភ្ជាប់ជាមួយវិនិយោគិន និងភាគីពាក់ព័ន្ធនានាក្នុងវិស័យភាពយន្ត។ ចំណែក កម្មវិធីបិទ នឹងលើកបង្ហាញពីការវិវិត្តរបស់មហោស្រព តាមរយៈវីដេអូ និងរូបសញ្ញា ក៏ដូចជាប្រកាសពីជ័យលាភីប្រចាំឆ្នាំ២០២៤ ទាំង៧ប្រភេទផងដែរ”។

សូមបងប្អូនយុវវ័យ និងទស្សនិកជនទាំងអស់អញ្ជើញទៅទស្សនាភាពយន្តខ្លីដែលដាក់ប្រកួតប្រជែងនៅក្នុងឆ្នាំនេះដោយឥតគិតថ្លៃ ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលានេះ ដោយមានរយៈពេល៤ថ្ងៃជាប់ៗគ្នា នៅរោងភាពយន្តទំនើបចំនួន៥ មានដូចជា Legend Cinema ផ្សារទំនើបអូឡាំព្យា, Major Cineplex សាខាផ្សារទំនើបសូរិយា, Fabel Cinema, Workspace 2 នៅ Factory Phnom Penh និងនៅ Cine Hub ក្នុងនោះអ្នកចូលរួមទស្សនាទាំងអស់ក៏មានសិទ្ធិចូលរួមបោះឆ្នោតគាំទ្រភាពយន្តខ្លីដែលអ្នកស្រឡាញ់ពេញចិត្ត ដើម្បីគាំទ្រស្នាដៃភាពយន្តខ្លីនោះឱ្យមានឱកាសឈ្នះពានរង្វាន់ពីមហោស្រពផងដែរ។ ក្រៅពីការចាក់បញ្ចាំងភាពយន្តខ្លី ដែលបានសម្រិតសម្រាំងយ៉ាងពិសេសសម្រាប់ការប្រកួតប្រជែង មហោស្រពភាពយន្តខ្លីចតុមុខ លើកទី១៣ ក៏បានរៀបចំនូវកម្មវិធីជួបជុំជជែកពិភាក្សាពីវិស័យភាពយន្ត និងសិក្ខាសាលាចែករំលែកចំណេះដឹងជុំវិញវិស័យភាពយន្តនេះផងដែរ ដើម្បីជាការលើកទឹកចិត្តដល់យុវវ័យជំនាន់ក្រោយឱ្យចាប់អារម្មណ៍ និងចូលរួមលើកស្ទួយវិស័យផលិតភាពយន្តខ្លីដែលមានគុភាពខ្ពស់នៅក្នុងប្រទេសកម្ពុជាយើងនាពេលអនាគត៕

មហោស្រពភាពយន្តខ្លី ចតុមុខ ឆ្នាំ២០២៤ លើកទី១៣

Leave a Reply

Your email address will not be published. Required fields are marked *