ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា ការវិនិយោគរបស់ចិននៅកម្ពុជាមានកំណើនខ្ពស់គួរឱ្យកាត់សម្គាល់ ជាក់ស្ដែង ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ប្រទេសចិននៅតែជាប្រភពទុនវិនិយោគធំជាងគេទី១នៅកម្ពុជា ជាពិសេសនៅក្នុងឧស្សាហកម្មដែលប្រើបច្ចេកវិទ្យទំនើប មានតម្លៃបន្ថែមខ្ពស់ រួមទាំងការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសផងដែរ។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានថ្លែងឱ្យដឹងថា ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ ចិនបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជារហូតដល់ ៣,៥ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងប្រមាណ ៦០,៤៤ភាគរយនៃប្រភពទុនសរុបដែលកម្ពុជាទទួលបាន។ រូបភាពទាំងនេះបានបង្ហាញថា ចិននៅតែជាប្រភពទុនដ៏សំខាន់សម្រាប់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍បានបង្ហាញថា ក្នុងរយៈពេល១ឆ្នាំពេញ កម្ពុជាទទួលបានទុនវិនិយោគសរុបប្រមាណ ៧,៥ពាន់លានដុល្លារអាមេរិកពីគម្រោងវិនិយោគសរុបចំនួន៣៩១គម្រោង ។ ក្នុងចំណោមចំនួន ៧,៥ពាន់លានដុល្លារអាមេរិកនោះ មានទុនវិនិយោគពីប្រទេសចិនចំនួន ៦០,៤៤ភាគរយទៅហើយ ឬប្រមាណ ៣,៥ពាន់លានដុល្លារអាមេរិក ។ ក្រៅពីនេះ ជាទុនវិនិយោគរបស់វិនិយោគិនក្នុងស្រុកដែលមានទំហំប្រមាណ ២,៤២ពាន់លានដុល្លារអាមេរិក ឬប្រមាណ ៣២,៣១ភាគរយ និងទុនមកពីប្រទេសសិង្ហបុរី ២,៦៥ភាគរយ ម៉ាឡេស៊ី ១,៣ភាគរយ ។ ក្រៅពីនោះមានមកពីប្រទេសវៀតណាម ថៃ កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ឥណ្ឌាជាដើម ។
ក្នុងគោលបំណងទាក់ទាញការវិនិយោគពីចិនបន្ថែម ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានអំពាវនាវយ៉ាងទូលាយអំពីស្ថានភាពវិនិយោគ ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគរបស់កម្ពុជាដែលមានភាពបើកចំហ តម្លាភាព និងភាពអាច់ប៉ាន់ប្រមាណទុកជាមុនបាន ដែលទាំងអស់នេះសុទ្ធតែជាឱកាសទទួលបានផលចំណេញពីការវិនិយោគក្នុងអត្រាខ្ពស់បំផុតសម្រាប់វិនិយោគិនបរទេសនៅលើទឹកដីកម្ពុជា៕