តាមរយៈសារព័ត៌មានកូរ៉េ Koreaboo បានចេញផ្សាយនៅថ្ងៃទី16 ខែវិច្ឆិកា ឆ្នាំ2017 មុននេះបន្ដិចបានឱ្យដឹងថា តារាសម្ដែង និងចម្រៀង Suzy បានប្រកាសចែកផ្លូវគ្នាជាមួយតារាសម្ដែងប្រុស Lee Min Ho បន្ទាប់ពីមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេលជាង 2 ឆ្នាំរួចមក។
បើតាមការអះអាងរបស់ក្រុមហ៊ុនផលិតកម្ម JYP បានប្រាប់សារព័ត៌មានខាងលើថា «ពួកយើងទើបតែទទួលបានព័ត៌មាននេះថ្មីៗនេះទេ» ។ យ៉ាងណាមិញខាងអ្នកគ្រប់គ្រងតារាស្រីរូបនេះ ក៏បានអះអាងដែរថា Suzy និង Lee Min Ho បានចែកផ្លូវគ្នាកាលពីពេលថ្មីៗនេះពិតប្រាកដមែន។ គួរបញ្ជាក់ផងដែរថា ដំណឹងរហ័សមួយនេះបានចេញផ្សព្វផ្សាយពាសពេញបណ្ដាញសារព័ត៌មានកូរ៉េ ហើយក៏ជាប្រធានបទក្ដៅគគុកមួយដែលប្រិយមិត្តអ្នកគាំទ្រទទូចចង់ដឹង និងតាមដានអំពីមូលហេតុពិតប្រាកដនៃការចែកផ្លូវគ្នាផងដែរ៕