(ភ្នំពេញ)៖ ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham Cambodia) លើកសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងបរិវត្តកម្មឌីជីថល ហើយថាកម្ពុជាជាប្រទេសមួយដែលបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគ ពីព្រោះកម្ពុជាមានស្ថេរភាពនយោបាយ និងសន្តិសុខពេញលេញដែលជាកាតាលីករជំរុញឱ្យអ្នកវិនិយោគមានទំនុកចិត្តខ្ពស់ក្នុងការមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។
ការលើកឡើងខាងលើនេះត្រូវបានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងប្រតិភូសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនី យកម្ម និងសំណង់ បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួនសម្រាប់ការវិនិយោគរបស់វិនិយោគិនបរទេសនៅកម្ពុជា។ កម្ពុជាអាចសហការលើវិស័យអចលនទ្រព្យដល់អ្នកវិនិយោគអាមេរិកដែលក្នុងវិស័យអចលនទ្រព្យនេះគឺត្រូវការភាពរហ័សទាន់ចិត្ត និងតម្លាភាពអំពីបរិវត្តកម្មឌីជីថល។
ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានលើកឡើងអំពីកិច្ចការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេសទាក់ទិននឹងការចុះបញ្ជីដីធ្លីបង្ហើយ ដើម្បីបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេស។ កម្ពុជា បាន ចាត់ទុកសម្ដេចព្រះនរោត្តមសីហនុ គឺជានិមិត្តរូបបិតាឯករាជ្យជាតិ រីឯសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានិមិត្តរូបនៃបិតាសន្តិ ភាព និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាបិតាសហសម័យកម្ពុជា ខណៈដែលបច្ចុប្បន្ន កម្ពុជាកំពុងប្រែក្លាយមុខមាត់ថ្មី ដោយមិនមានការខ្វល់ខ្វាយទៅនឹងជម្លោះ ឬវិវាទអ្វីផ្សេងទៀតនោះទេ គឺយើងផ្ដោតសំខាន់តែទៅលើការអភិវឌ្ឍខ្លួនទៅមុខ ហើយខិតខំប្រឹងប្រែងក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបានកាន់តែច្រើនថែមទៀត។
ឯកឧត្តមបានបញ្ជាក់ទៀតថា កម្ពុជាមិនមានការរើសអើងពូជសាសន៍ ឬសាសនាអ្វីនោះទេ និងជាប្រទេសមួយដែលផ្ដល់សិទ្ធិសេរីភាពគ្រប់គ្រាន់ ហើយប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា។ បច្ចុប្បន្ន អាទិភាពចម្បងដែលយើងផ្ដោតសំខាន់នោះគឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអាចរស់នៅបានប្រកបដោយភាពសុខសាន្ត មានផ្ទះសម្បែង និងអាហារហូបចុកគ្រប់គ្រាន់ មានការងារធ្វើ ទទួលបានប្រាក់ចំណូលសមរម្យ និងមានលទ្ធភាពធ្វើដំណើរកំសាន្តគ្រប់ទីកន្លែង។ ជុំវិញកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ស្នើដល់សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជាពិនិត្យលទ្ធភាពក្នុងការគៀងគរអ្នកវិនិយោគអាមេរិកមកវិនិយោគបន្ថែមទៀត។
ជាការឆ្លើយតប សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា ឯកភាព និងពិភាក្សាបន្ថែមទៀតចំពោះចំណុចដែលអាចសហការគ្នាបាន ហើយបានថ្លែងអំណរគុណដល់ក្រសួងដែលបានស្ដាប់នូវបញ្ហាប្រឈម និងក្តីកង្វល់របស់សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងព្យាយាមរកដំណោះស្រាយយ៉ាងសមស្រប។
ជាមួយគ្នានេះ ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជាបានកោតសរសើរចំពោះសមិទ្ធផលរយៈពេលមួយឆ្នាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានសហការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន។
គួរបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនមួយចំនួនរបស់សហរដ្ឋអាមេរិកដែលកំពុងតែធ្វើការវិនិយោគយ៉ាងសកម្មទៅលើវិស័យបច្ចេកវិទ្យា IT វិស័យគ្រប់គ្រង សំណង់ និងអភិវឌ្ឍន៍អចលនទ្រព្យក្នុងព្រះរាជាណាចក្រកម្ពុជា។ បេសកកម្មរបស់សភាពាណិជ្ជកម្មអាមេរិក ផ្ដោតទៅលើការលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេសគឺព្យាយាមគៀងគរអ្នកវិនិយោគអាមេរិកឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា៕