ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤បានឱ្យដឹងថា កម្ពុជា ដែលមានក្រសួងទេសចរណ៍ជាសេនាធិការ នឹងរៀបចំពិព័រណ៍ម្ហូបអាហារ កម្ពុជា-ចិន (Cambodia-China Gastronomy Week) ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២៤ នៅខេត្តសៀមរាប ដោយមានស្តង់តាំងបង្ហាញសរុបប្រមាណ១០០ស្តង់ ។
ក្រៅពីនេះក៏មានសិក្ខាសាលាម្ហូបអាហារ (Gastronomy Conference) ក្រោមប្រធានបទ “Good Food for All” ក្រោមវត្តមានវាគ្មិនល្បីៗមកចែករំលែកបទពិសោធស្តីពីម្ហូបអាហារកម្ពុជា និងចិនផងដែរ។
សេចក្តីប្រកាសពត៌មានដដែលបានឱ្យដឹងទៀតថា៖ ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយពីមុខម្ហូប និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន ព្រមទាំងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជន កម្ពុជា-ចិន និងបន្តជំរុញយុទ្ធនាការផ្សព្វផ្សាយ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» ព្រមទាំងចូលរួមជំរុញយុទ្ធនាការ «ឆ្នាំទស្សនាសៀមរាប ២០២៤» សំដៅទាក់ទាញទេសចរ និងវិនិយោគិនចិនឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ គ្រប់សមាគមទេសចរណ៍ផ្នែករដ្ឋ ឯកជន ស្ថាប័នពាក់ព័ន្ធ សារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន ចូលរួមផ្សព្វផ្សាយអំពីពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន (Cambodia-China Gastronomy Week) ខាងលើនេះឱ្យបានទូលំទូលាយ សំដៅទាក់ទាញការចូលរួមឱ្យបានច្រើនកុះករ ព្រមទាំងបង្កើនចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមកទស្សនា និងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាកាន់តែច្រើនថែមទៀត។ សូមកុំភ្លេចចូលរួមនៅក្នុងកម្មវិធីពិព័រណ៍ទាំងអស់គ្នា ដើម្បីគាំទ្រ និងជំរុញវិស័យទេសចរណ៍កម្ពុជា៕