Skip to content

ស្វែងយល់​ពី​អនុសាសន៍5ចំណុច​ដែលមាន​ប្រយោជន៍​ចំពោះ​កម្មករ-កម្មការិនី

ភ្នំពេញ- បន្ទាប់ពី​មានការ​យក​ចិ​ត្ដ​ទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល​ចំពោះ​កម្មករ-កម្មការិនី  ថ្មីៗនេះ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ផ្តល់នូវ​អនុសាសន៍សំខាន់5ចំណុច ដល់​និយោជក និង​និយោជិត​សម្រាប់​ធ្វើការ​រួមគ្នា​ដើម្បី​ធានា​ដល់​លក្ខខណ្ឌ​ការងារ​ល្អ និង​ប្រាក់ចំណូល​ល្អ។

ទី1) ត្រូវ​រួមគ្នា​ថែរក្សា​សន្តិភាព​ស្ថេរភាព និង​សុវត្ថិភាព​សណ្តាប់ធ្នាប់​ស​ង្គ​ម​ឱ្យ​បានល្អ។

ទី2) រួមគ្នា​រក្សា​ការងារ និង​បង្កើត​ការងារថ្មីៗច្រើន​ថែមទៀត​ដោយ​ធ្វើការ​ពង្រីក និង​បង្កើន​ទីផ្សារ​បន្ថែម។

ទី3) រួមគ្នា​បង្កើន​ប្រាក់ចំណូល​ដោយ​ការបណ្តុះបណ្តាល​ចំណេះដឹង​បន្ថែម​ដល់ក​ម្មករ។ រាជរដ្ឋាភិបាល​នឹង​បន្ត​ដំឡើង​ប្រាក់ខែ​កម្មករ​ជា​រៀងរាល់ឆ្នាំ កើន​ទាំង​ប្រាក់បៀវត្សរ៍​អប្បបរមា និង​ប្រាក់​អត្ថប្រយោជន៍ផ្សេង។ ចំពោះ​តម្លៃ​ទឹក​ភ្លើង​វិញ គឺ​ចាប់តាំងពី​ថ្ងៃទី1 កញ្ញា ឆ្នាំ2017 តទៅ ថ្លៃ​ភ្លើង​នឹង​បញ្ចុះ​មក​នៅត្រឹម450៛ ក្នុង1គីឡូវ៉ាត់ម៉ោង(សម្រាប់​ការប្រើប្រាស់​ក្រោម50គីឡូវ៉ាត់ម៉ោង​ក្នុង1ខែ)។ ចំពោះ​ទឹក​វិញ គឺមាន​តម្លៃ​ត្រឹមតែ 700៛ ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រគុប។ ប្រមុខ​រាជរដ្ឋាភិបាល​បាន​អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​កុំ​ដំឡើង​ថ្លៃឈ្នួល​ផ្ទះ​រយៈពេល1ឆ្នាំ(2018)ដើម្បី​ជួយ​កម្មករ​យើង​ឱ្យមាន​លទ្ធភាព​រកប្រាក់​ចំណូល​បន្ថែម​ក្នុងការ​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ឱ្យ​កាន់តែ​ប្រសើរឡើង។

ទី4) ផ្តល់​របប​គាំពារ​សន្តិសុខ​សង្គម​ដល់​កម្មករ​ចាប់ពី​ខែមករា ឆ្នាំ2018ទៅ គឺ​និយោជក (ម្ចាស់​ក្រុមហ៊ុន) នឹង​បង់ថ្លៃ​របប​សន្តិសុខ​សង្គម 100% ដល់ក​ម្មករ-កម្មការិនី​ដែល​អាចឱ្យ​បងប្អូន​កម្មករ-កម្មការិនី​នៅសល់​ប្រាក់​ប្រមាណ​ពី (8,000៛-12,000៛ក្នុង1ខែ)។ កម្មការិនី​យើង​ទាំងអស់ (រួមទាំង​កម្មការិនី​សំណង់ សណ្ឋាគារ ដឹកជញ្ជូន បើកបរ និង​កសិកម្ម​ជាដើម…)គឺ​ទទួលបាន​ការពិនិត្យ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រដ្ឋ​ដោយ​មិន​គិតថ្លៃ​តាមរយៈ​មូលនិធិ​សមធម៌។

ជាងនេះទៅទៀត ប្រមុខ​រាជរដ្ឋាភិបាល​បាន​ណែ​នាំឱ្យ​ម្ចាស់​ក្រុមហ៊ុន​រោងចក្រ​រៀបចំ​បង្កើត Clinic បន្ថែម​នៅតាម​រោងចក្រ​របស់ខ្លួន​ដើម្បី​ជួយ​ដល់ក​ម្មករ។ គ្រប់​កម្មការិនី​មាន​ផ្ទៃពោះ​ទាំងអស់​ត្រូវបាន​អនុញ្ញាត​ឱ្យចេញ​មុន​ម៉ោង15នាទី តែ​ចំពោះ​បណ្តា​រោងចក្រ​ណា​អនុញ្ញាតឱ្យ​កម្មករ​ចេញ​មុន​ម៉ោង​លើសពី​ការកំណត់​នេះ​រឹតតែ​ប្រសើរ ហើយ​សម្តេច​តេ​ជោ​នឹង​បំពាក់​មេដៃ​ជូន។ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​សម្រាលកូន គឺ​នឹង​ទទួលបាន​ពេលវេលា​ឈប់សម្រាក​ពី​ការងារ​រយៈពេល3ខែ​ហើយ​នៅ​ទទួលបាន​ប្រាក់ខែ120% (50% ដោយ​ក្រុមហ៊ុន និង 70% ដោយ​បេឡា​ជាតិ)។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បានប្រកាស​ជូនដំណឹង​ដល់​បងប្អូន​ជា​កម្មការិនី​អំពី​អត្ថប្រយោជន៍​មួយទៀត​ដែល​នឹង​ទទួលបាន​ពី​បេឡា​សង្គម​គឺ: -ចំពោះ​ស្ត្រី​សម្រាលកូន​ទោះ​ក្នុង​ប្រព័ន្ធ​ឬ​ក្រៅ​ប្រព័ន្ធ​ដែល​សម្រាល​បានកូន1 គឺ​ទទួល​ថវិកា40ម៉ឺន​រៀល និង​ពិនិត្យ​ផ្ទៃពោះ​ដោយ​ឥតគិតថ្លៃ។ បើ​សម្រាល​បានកូន​ភ្លោះ2 គឺ​ទទួលបាន​ថវិកា80ម៉ឺន​រៀល។ បើ​សម្រាល​បានកូន​ភ្លោះ3 គឺ​ទទួលបាន​ថវិកា1លាន2សែន​រៀល​ហើយ​បូក​នឹង​ប្រាក់ឧបត្ថម្ភ​មួយចំនួនទៀត​ពីស​ម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត។ ថវិកា​នេះ​នឹង​ផ្តល់ជូន​ដោយ​បេឡា​សន្តិសុខ​សង្គម​របស់​រាជរដ្ឋាភិបាល​ដែល​នឹង​ត្រៀម​ថវិកា​ប្រមាណ​ជាង10លាន​ដុល្លារ ក្នុង1ឆ្នាំៗ (ទោះបី​កូន​នោះ​កើត​រស់ ឬ​ស្លាប់​ក៏​នៅតែ​ទទួលបាន​ថវិកា​គាំពារ​ដូចគ្នា)។

កម្មករ-កម្មការិនី​ទូទាំងប្រទេស​នឹង​ទទួលបាន​សេវា​ជិះឡាន​ក្រុង​សាធារណៈ​ដោយ​ឥតគិតថ្លៃ​រយៈពេល2ឆ្នាំ (គិតពី​ខែសីហា2017 ដល់​សីហា 2019)។ចំពោះ​កីឡាករ-កីឡាការិនី​ទាំងអស់​ក៏​ទទួល​បានការ​ជិះ​រថយន្តក្រុង​សាធារណៈ​ដោយ​មិន​គិតថ្លៃ​ផងដែរ​សម្រាប់​រយៈពេល2ឆ្នាំ​ដូចគ្នា ហើយ​ទទួលបាន​ការពិនិត្យ​ថែទាំ​សុខភាព​ដោយ​ឥតគិតថ្លៃ​នៅតាម​មន្ទីរពេទ្យ​រដ្ឋ។

ចំពោះ​កីឡាការិនី​ដែល​សម្រាលកូន​ក៏​ទទួលបាន​អត្ថប្រយោជន៍​ដូចគ្នា​នឹង​កម្មការិនី​ផងដែរ ចាប់ពី​ខែមករា ឆ្នាំ2018នេះ​ទៅ។ នៅ​ឆ្នាំ2019 ខាងមុខ កម្មករ​ទាំងអស់​នឹង​មាន​ប្រាក់​សោធន​និវត្តន៍ (ប្រាក់​រ៉ឺ​ត្រែ​ត) ដែល​នឹង​ទទួលបាន​ចំនួន80%នៃ​ប្រាក់ខែ​ដែល​ខ្លួន​ធ្លាប់​បានទទួល​ពេល​នៅ​ធ្វើការ​ចុងក្រោយ។ ចំពោះ​ស្ត្រី​ជា​មន្ត្រីរាជការ​ស៊ីវិល នគរបាល កងទ័ព គឺ​ចាប់ពី​ខែ មករា ឆ្នាំ2018 នេះ​ទៅ បើ​សម្រាល​បានកូន1 ត្រូវ​ទទួលបាន 800,000៛ បើ​បានកូន​ភ្លោះ2 គឺ​ទទួលបាន1,600,000៛ បើ​បានកូន​ភ្លោះ3 គឺ​ទទួលបាន2,400,000។ ចំពោះ​គ្រូបង្រៀន និង​គ្រូពេទ្យ​ជា​ស្ត្រី ក៏​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ដូចខាងលើ​នេះ​ផងដែរ។

ទី5) រាជរដ្ឋាភិបាល​បន្ត​យកចិត្តទុកដាក់​ផ្តល់​កិច្ច​គាំពារ​ចំពោះ​កម្មករ-កម្មការិនី​ដែល​កំពុងធ្វើការ​នៅក្រៅ​ប្រទេស​ដោយ​ធ្វើការ​សម្របសម្រួល​ជាមួយ​ប្រទេស​ដៃគូ​ដើម្បី​ផ្តល់នូវ​លក្ខខណ្ឌ​ការងារល្អៗ ដែលមាន​ប្រាក់ខែ​ល្អ​សមរម្យ​ដល់​កម្មករ​ព្រមទាំង​ជួយ​សម្រួល​នូវ​បែបបទ​លិខិតបទដ្ឋាន​ផ្លូវច្បាប់​នានា​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​របស់​បងប្អូន​កូនក្មួយ​កម្មករ​ផងដែរ។

ទន្ទឹមនឹង​នេះដែរ​រាជរដ្ឋាភិបាល​នឹង​បន្ត​ជជែក​ជាមួយ​ប្រទេសផ្សេងៗដូចជា​កូរ៉េខាងត្បូង ម៉ាឡេស៊ី និង​ប្រទេស​ថៃ​ដើម្បី​ផ្តល់នូវ​លក្ខខណ្ឌ​ការងារ និង​ប្រាក់ខែល្អៗសម្រាប់​បងប្អូន​កូនក្មួយ​កម្មករ​ខ្មែរ​យើង​ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *