ភ្នំពេញ៖ យ៉ាងយូរនៅត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម នឹងរៀបចំពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារស្តីពី «តំបន់ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជា» នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
យោងតាមទស្សនទានស្តីពីពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារស្តីពី «តំបន់ដាំដុះដំណាំស្វាយចន្ទី» បានឱ្យដឹងថា៖ ក្នុងកិច្ចសហការរវាងនាយកដ្ឋានគ្រប់គ្រងធនធានដឹកសិកម្ម (DALRM) នៃអគ្គនាយកដ្ឋានកសិកម្ម (GDA) ក្រោមការគាំទ្រពីកម្មវិធី SilvaCarbon SIG-GIS និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានអភិវឌ្ឍន៍គំរូដើម្បីផលិតផែនទីដំណាំកសិកម្មសម្រាប់ប្រទេសទាំងមូល ដោយបានចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ២០២១ រហូតដល់ពេលបច្ចុប្បន្ន។
គម្រោងនេះផ្តោតលើដំណាំអាទិភាពដូចជា ដំណាំស្វាយចន្ទី ដំណាំស្វាយ ដំណាំទុរេន ដំណាំមៀនប៉ៃលិន ដំណាំដំឡូងមី ដំណាំពោត និងដំណាំម្រេចជាដើម ដើម្បីលើកកម្ពស់កម្មវិធីអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃដំណាំនៅកម្ពុជា។ លើសពីនេះ គម្រោងមានគោលបំណងដោះស្រាយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដោយការបង្កើនប្រសិទ្ធភាពការប្រើប្រាស់ដី និងការកែលម្អការអនុវត្តកសិកម្ម ដើម្បីរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
នៅឆ្នាំ២០២២ កម្មវិធី SilvaCarbon ក្រុមការងារSIG-GIS និងនាយកដ្ឋានគ្រប់គ្រងធនធានដឹកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម បានប្តេជ្ញាចិត្តជំរុញការប្រមូលទិន្នន័យ និងរិះរកវិធីសាស្ត្រផលិតផែនទីដំណាំតាមរយៈការសិក្សាស្រាវជ្រាវ និងសាកល្បងគំរូម៉ាស៊ីនស្វ័យសិក្សា (Machine Learning) ផ្សេងៗ។ ការរិះរកវិធីសាស្ត្រនេះផ្តោតជាពិសេសសំដៅលើការលើកកម្ពស់ភាពជឿជាក់ និងប្រសិទ្ធភាពនៃការផលិតផែនទីដំណាំកសិកម្មនៅកម្ពុជា ជាពិសេស ផ្តោតសំខាន់លើដំណាំស្វាយចន្ទី។
គម្រោងនេះបានប្រើប្រាស់វិធីសាស្ត្ររួមបញ្ចូលទិន្នន័យដែលទទួលបានប្រភពជាច្រើនដែលបង្ហាញពីសមត្ថភាពគំរូ Convolutional Neural Network model (CNN) ជាមួយនឹងរូបភាពផ្កាយរណបផ្សេងៗ រួមមាន sentinel-1 sentinel-2 landsat-8 និង Planet Scope។ លើសពីនេះ រូបភាពថតចេញពីដ្រូនដែលមានគុណភាពកម្រិតខ្ពស់ និងទិន្នន័យផ្សេងទៀតដែលបានគូសវាសដោយដៃយ៉ាងល្អិតល្អន់ត្រូវបានដាក់បញ្ចូលដើម្បីផលិតបានផែនទីដែលមានកម្រិតអាចជឿជាក់បានកម្រិតខ្ពស់។
ការរួមបញ្ចូលនៃប្រភពទិន្នន័យផ្សេងៗ និងបច្ចេកវិទ្យាម៉ាស៊ីនស្វ័យសិក្សា បានឈានទៅដល់ការផលិតផែនទីដំណាំស្វាយចន្ទីយ៉ាងលម្អិត និងគួរឱ្យទុកចិត្តបាន។ ផែនទីនេះអាចចាត់ទុកជាចំណុចដ៏សំខាន់មួយក្នុងការផលិតផែនទីដំណាំកសិកម្មនៅក្នុងប្រទេសកម្ពុជា ដែលនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងពេលខាងមុខនេះ។
គួរបញ្ជាក់ដែរថា គោលបំណងនៃកម្មវិធីខាងលើនេះ គឺដើម្បីធានាថា គ្រប់ភាគីពាក់ព័ន្ធទទួលបានព័ត៌មានច្បាស់លាស់ និងអាចប្រើប្រាស់ផែនទីតំបន់ដាំដុះដំណាំស្វាយចន្ទី និងទិន្នន័យផ្ទៃដីដាំដុះសម្រាប់គាំទ្រការលើកកម្ពស់ខ្សែច្រវាក់តម្លៃដំណាំស្វាយចន្ទីនៅប្រទេសកម្ពុជា និងការកំណត់តំបន់ដាំដុះដំណាំដើម្បីគ្រប់គ្រងធនធានដីកសិកម្មប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព៕