ភ្នំពេញ- ទោះបីជាបច្ចុប្បន្នការទិញ-លក់អគារសហកម្មសិទ្ធិហាក់មានសកម្មភាពនៅទ្រឹងក៏ដោយ ប៉ុន្ដែការទិញ-លក់អគារលំនៅឋាននៅតែមានសកម្មភាពជាបន្ដបន្ទាប់ ដែលក្នុងនោះអតិថិជនបានប្រើវិធីផ្សេងៗគ្នាក្នុងការបង់ប្រាក់។ តែយ៉ាងណា វិធីនៃការបង់រំលស់នៅតែមានការពេញនិយមយ៉ាងខ្លាំងសម្រាប់ការទិញអចលនទ្រព្យ។ ហេតុអ្វីបានជាវិធីបង់រំលស់ក្នុងការទិញលំនៅឋានមានការពេញនិយមសម្រាប់ប្រជាជននាពេលបច្ចុប្បន្ន?។
លោក ច្រឹក សុខនីម អគ្គនាយកនៃក្រុមហ៊ុនមេគង្គ Century21 បានលើកឡើងថា ជាទូទៅការវិនិយោគតែងតែមានចំណុចវិជ្ជមាន និងអវិជ្ជមាន ដូច្នេះការទិញគម្រោងលំនៅឋានដោយជ្រើសរើសការបង់ប្រាក់ផ្ដាច់ ឬការបង់រំលស់ក្ដី វាសុទ្ធតែជាជម្រើសល្អដូចគ្នា។ អ្វីដែលសំខាន់គឺយើងត្រូវមើលទៅលើលក្ខខណ្ឌរបស់បុគ្គល ឬម្ចាស់បុរីផ្ទាល់តែម្ដង។ លោកបន្ដថា បើយើងមានលុយគ្រប់គ្រាន់ហើយទោះចង់ទិញលំនៅឋានដោយបង់ប្រាក់ផ្ដាច់ វាមិនមានអ្វីជាឧបសគ្គទេ ពិសេសនៅពេលយើងជឿជាក់លើម្ចាស់បុរីហ្នឹងថា គេមានការសាងសង់ប្រកបដោយចីរភាព គេមានកេរ្ដិ៍ឈ្មោះល្អក្នុងទីផ្សារ ផ្ដល់ភាពជឿជាក់ដល់អតិថិជនខ្ពស់ ដែលយើងមើលឃើញថា លក្ខខណ្ឌខាងលើនេះ ភាគច្រើនកើតលើគម្រោងអភិវឌ្ឍន៍បុរីធំៗ។
ទោះជាយ៉ាងណាអគ្គនាយកនៃក្រុមហ៊ុនមេគង្គ Century21 លើកឡើងថា បច្ចុប្បន្នជាសម័យភាវូបនីយកម្ម ជាសម័យសម្បូរបែបក្នុងការធ្វើជំនួញ ដូច្នេះមនុស្សមួយចំនួនធំគេពុំសូវនិយមទិញលំនៅឋានដោយការបង់ផ្ដាច់ឡើយ ព្រោះបើយើងយកលុយមួយដុំទៅបង់ផ្ដាច់វា ធ្វើឱ្យបាត់បង់ឱកាសក្នុងការធ្វើជំនួញ ឬការវិនិយោគផ្សេងទៀត។
លោក ច្រឹក សុខនីម បានលើកជាឧទាហរណ៍ថា៖«បើយើងមានលុយ10ម៉ឺនដុល្លារយើងទិញផ្ទះដោយប្រើជម្រើសបង់ប្រាក់ផ្ដាច់យើងទិញបានតែមួយល្វែងទេ។ តែបើយើងធ្វើការងារជាមួយធនាគារយើងអាចទិញបាន2 ឬ3ល្វែង តែបើទិញកុំឱ្យមានហានិភ័យទិញត្រឹម2ល្វែងគឺល្អ។ បង់ដំបូង3ម៉ឺនពីរដង ស្មើ6ម៉ឺន សល់4ម៉ឺនយើងទុកធ្វើជាទុនបង់រំលស់។ សល់លុយប៉ុណ្ណឹងរំលស់បាន3ទៅ4ឆ្នាំ ចាត់ទុកថា យើងជិតអស់លុយដែលមានទៅចុះ តែជាទូទៅអចលនទ្រព្យទិញត្រឹម2ឆ្នាំ គឺវាឡើងថ្លៃបាត់ទៅហើយ ពេលវាឡើងថ្លៃយើងអាចលក់ផ្ទះណាមួយយកចំណេញ និងទប់ការបង់រំលស់»៕