Sergio Aguero ពិតជារីករាយក្នុងការបង្ហាញខ្លួនឲ្យក្រុម Manchester City នៅលើទឹកដីក្រុម Leicester City ក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅថ្ងៃសៅរ៍នេះ បើទោះបីមានការបារម្ភពីបញ្ហាសុខភាពក្នុងពេលបំពេញកាតព្វកិច្ចអន្តរជាតិក៏ដោយ។
ខ្សែប្រយុទ្ធរូបនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីការពារទុកជាមុន ក្រោយពីត្អូញត្អែរពីការវិលមុខ ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានចាញ់ក្រុមជម្រើសជាតិនីហ្សេរីយ៉ា 4-2 ក្នុងការប្រកួតមិត្តភាពនៅទីក្រុង Krasnodar របស់រុស្ស៊ី កាលពីថ្ងៃអង្គារ។ Man City បានធ្វើការច្រានចោលព័ត៌មានដែលថា Aguero សន្លប់បាត់ស្មារតី ក្រោយពីការអស់កម្លាំងខ្លាំង ដោយបានបញ្ជាក់ថា រូបគេថែមទាំងអាចចាកចេញពីកីឡដ្ឋាន ដោយមិនត្រូវការជំនួយទៀតផង។ រូបគេបានវិលទៅកាន់ទីក្រុង Manchester វិញដើម្បីធ្វើការត្រួតពិនិត្យសុខភាពបន្ថែមទៀត កាលពីថ្ងៃពុធ ស្របពេលដែលឈាមមួយដំណក់ក្នុងសម្ពាធឈាមរបស់គេត្រូវបានគេជឿជាក់ថា ជាដើមហេតុដែលធ្វើឲ្យគេធ្លាក់ខ្លួនឈឺ។ លោក Pep Guardiola ដែលជាអ្នកចាត់ការទូទៅ បានតាមដានការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ទៅលើ Aguero ចាប់តាំងពីពេលនោះមក ប៉ុន្តែ រូបគេបានចូលរួមហ្វឹកហាត់ជាមួយនឹងមិត្តរួមក្រុមរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រនេះ ហើយត្រូវបានរំពឹងទុកថា នឹងចូលលេងនៅកីឡដ្ឋាន King Power។ Aguero បានស្ថិតក្នុងទម្រង់លេងយ៉ាងល្អឥតខ្ចោះ នៅមុនពេលសម្រាកសម្រាប់ការប្រកួតអន្តរជាតិ ដោយរកបាន10គ្រាប់ពីការប្រកួត12លើកសម្រាប់ក្លិបរបស់គេ ខណៈដែល Man City បានទទួលជ័យជម្នះ16លើកពីការប្រកួត17លើកក្នុងរាល់យុទ្ធនាការទាំងអស់ នៅរដូវកាលនេះ។
Man City កំពុងតែស្ថិតក្នុងទម្រង់លេងយ៉ាងរឹងមាំ ដោយបានកក់កៅអីរួចជាស្រេចក្នុងក្របខ័ណ្ឌ Champions League វគ្គ16ក្រុមចុងក្រោយ តាមរយៈការផ្តួល Napoli 4-2 មុនពេលផ្តួលក្រុម Arsenal 3-1 ដើម្បីធ្វើឲ្យពួកគេនាំមុខ8ពិន្ទុដាច់លើតារាង Premier League។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង10យប់៕
ប្រភពពី៖ Sky Sports