ក្រុមតោខៀវ Chelsea អាចនឹងទុកការចាប់ផ្តើមដ៏ខកចិត្តចំពោះការការពារពាន Premier League របស់ខ្លួនមួយឡែក តាមរយៈការបន្តកំណត់ត្រាឈ្នះរបស់ពួកគេនៅលើទឹកដីក្រុម West Bromwich Albion នៅថ្ងៃសៅរ៍នេះ។
ក្រុមរបស់លោក Antonio Conte កំពុងតែដេញតាមពីក្រោយក្រុម Manchester City រហូតដល់ទៅ9ពិន្ទុ ក្រោយពីការប្រកួត11លើក។ ប៉ុន្តែ ក្រុមម្ចាស់ការពារតំណែងជើងឯកមួយនេះ បានឈ្នះរាល់ការប្រកួតលីកទាំង4លើកចុងក្រោយរបស់ពួកគេ ហើយអាចនឹងឡើងចេញពីចំណាត់ថ្នាក់លេខ4 ទៅកាន់ចំណាត់ថ្នាក់លេខ2 ប្រសិនបើក្រុម Manchester United និង Tottenham ដែលកំពុងតែឈរពីលើពួកគេ មិនអាចដណ្តើមបានជ័យជម្នះពីការប្រកួតរបស់ពួកគេ។ លោក Conte បានឃើញក្រុមរបស់លោករងបរាជ័យយ៉ាងខកចិត្តក្រោមស្នាដៃក្រុម Roma ក្នុងក្របខ័ណ្ឌ Champions League កាលពីចុងខែមុន ប៉ុន្តែ ការយកឈ្នះលើក្រុម Manchester United 1-០ ក្នុងការប្រកួតក្របខ័ណ្ឌ Premier League បានបង្ហាញថា មិនមានការខកចិត្តដ៏ធំពីប្រទេសអ៊ីតាលី នៅតែកើតឡើងក្នុងក្រុមមួយនេះទៀតឡើយ។ ស្របពេលជាមួយគ្នានេះ ខ្សែបម្រើស្លាប Victor Moses ក៏បានគិតបែបនោះផងដែរ។ Moses បានឲ្យដឹងថា៖ «ក្នុងនាមជាក្រុមមួយ ទោះបីជាមានអ្វីកើតឡើងក៏ដោយ ក៏យើងនៅតែស្ថិតនៅជាមួយគ្នា និងធ្វើឲ្យបានល្អបំផុតតាមដែលយើងអាច។ មនុស្សជាច្រើនមិនមានការរីករាយ ប៉ុន្តែ យើងមិនត្រូវគិតពីបញ្ហានោះ ឬផ្តោតលើអ្វីដែលមនុស្សជាច្រើនកំពុងតែនិយាយឡើយ»។
ខ្សែបម្រើរូបនេះបានបន្ថែមទៀតថា៖ «ការរិះគន់ទាំងនេះ គឺជាប្រភេទនៃកត្តាដែលធ្វើឲ្យកីឡាករម្នាក់ៗកាន់តែរឹងមាំ។ យើងដឹងថា យើងត្រូវតែជឿជាក់លើខ្លួនយើង និងបង្ហាញឲ្យពួកគេឃើញថា ពួកគេកំពុងតែយល់ខុស។ យើងមានសាមគ្គីភាព100ភាគរយ។ យើងដូចជាបងប្អូនអ៊ីចឹងនៅទីនេះ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង10យប់៕
ប្រភពពី៖ sports.yahoo.com