ផ្ទុយស្រឡះពីការចេញផ្សាយដោយគ្មានប្រភពច្បាស់លាស់ពីបណ្តាញសារព័ត៌មានក្នុងស្រុកមួយចំនួន ដែលអាស្រ័យទៅតាមពាក្យចចាមអារ៉ាមស្រែកបន្តគ្នានៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកពាក់ព័ន្ធទៅនឹងដំណើររឿងចោទប្រកាន់ទៅលើកំពូតារាចម្រៀង
សុគន្ធ នីសា ថាមានភាពលំអៀង និងមានទំនោរទៅលើកូនក្រុមរបស់ខ្លួន កុមារី ស៊ីវហេង ដែលមានឪពុកជាមន្ដ្រីផ្កាយ3 និងជាគូដណ្ដឹងរបស់ខ្លួន។ បន្ថែមពីនេះ នៅមានការទិតៀនថាតារាចម្រៀងស្រីរូបនេះព្យាយាមយិតយោងសណ្តោងអនាគតកូនស្រីក្រៅខាន់ស្លាឱ្យបានជាប់ជាបន្តបន្ទាប់រហូតបានមកដល់វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី “The Voice Kids Cambodia” រដូវកាលទី1 ថែមទៀតផង។
ភ្ជាប់ទៅនឹងការលើកឡើងខាងលើនេះ សុគន្ធនីសា បានចេញមុខធ្វើការបកស្រាយបញ្ជាក់យ៉ាងច្បាស់ជាសាធារណៈថា ចំពោះព័ត៌មានទាំងអម្បាលម៉ានដែលធ្លាប់ចេញផ្សាយកាលពីពេលកន្លងទៅគឺសុទ្ធតែជារឿងប្រាសចាកពីការពិតទាំងស្រុង។ នាងបានបញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំមិនដឹងថាពួកគាត់បានព័ត៌មានមកពីប្រភពណានោះទេ ហើយមុនពេលពួកគាត់ចេញផ្សាយក៏មិនបានជួបសម្ភាសជាមួយខ្ញុំដែរ។ ព័ត៌មានដែលថា ខ្ញុំមានទំនាក់ទំនងជាមួយបុរសផ្កាយ3នោះ គឺខ្ញុំសុំអះអាងថាមិនមែនជាការពិតនោះទេ។ ខ្ញុំប្រាប់ថា ខ្ញុំពិតជាមានគូកំណាន់ និងមានគម្រោងចូលរោងការនៅត្រឹមខែធ្នូ ចុងឆ្នាំ2017ខាងមុខនេះពិតមែន ប៉ុន្តែគាត់គ្រាន់តែជាមនុស្សសាមញ្ញ និងមិនមែនជាឪពុករបស់កុមារី ស៊ីវហេងដែលជាមន្ត្រីរាជការដូចគេថានោះឡើយ”។
ជាមួយនឹងការបកស្រាយប្រាប់ពីការពិតនូវរឿងរ៉ាវជីវិតឯកជនខាងលើនេះ តារាចម្រៀងស្រីចូលចិត្តភាពស្រគត់ស្រគំម្នាក់នេះក៏បានបញ្ជាក់ផងដែរថា នាងមិនមានការអាក់អន់ស្រពន់ចិត្តទៅនឹងអ្នកប្រឌិតរឿងខាងលើនេះនោះឡើយ ដោយនាងបានចាត់ទុកថា វាអាចជាចេតនាល្អមួយ ដែលគេចាប់អារម្មណ៍ចំពោះរូបនាង ហើយមិនចង់ឱ្យនាងមានភាពស្ងប់ស្ងាត់៕