សញ្ញា5យ៉ាងបង្ហាញពី គ្រោះថ្នាក់របស់ជំងឺក្រលៀន
ជំងឺក្រលៀន គឺជាជំងឺដែលបណ្ដាលមកពីការដែលក្រលៀនធ្វើការខុសប្រក្រតី មានប្រសិទ្ធភាពថយចុះ បង្កឱ្យកើតការដក់ស្ទះនូវវត្ថុកាកសំណល់នៅក្នុងរាងកាយ រហូតហុចផលប៉ះពាល់ដល់ការធ្វើការងារក្នុងប្រព័ន្ធផ្សេងៗទូទាំងរាងកាយ ហើយអាចហុចផលឱ្យកើតសភាវគាំងក្រលៀនបាន ដែលការពិតទៅវាអាចកើតឡើងបានពីច្រើនមូលហេតុ ទាំងកើតឡើងតាំងពីកំណើត កើតពីការរលាកក្លាយ ឆ្លងមេរោគ ដក់ស្ទះក្នុងតម្រងនោម ឬមានដុះសាច់ជាដើម ដោយវានឹងបង្ហាញអាការចេញមកខុសប្លែកពីគ្នា ដែលយើងអាចសរុបអាការដែលប្រថុយប្រថាននឹងការកើតជំងឺក្រលៀនបានដូចខាងក្រោមនេះ។
1- ទឹកមូត្រមានលក្ខណៈខុសប្រក្រតី
ទាំងការបន្ទោបង់ទឹកមូត្រចេញមកមានលាយឈាម ទឹកមូត្រមានពពុះច្រើន ឬទឹកមូត្រខាប់ជាដើម អាចសន្និដ្ឋានទុកជាមុនបានតែម្ដងថា អាចនឹងប្រថុយប្រថាននឹងការកើតជំងឺក្រលៀនហើយ គួរតែប្រញាប់ទៅជួបលោកគ្រូពេទ្យជាបន្ទាន់បំផុត ជាពិសេសអ្នកដែលបន្ទោបង់ទឹកមូត្រចេញមកមានឈាមចេញមកជាមួយ ព្រមជាមួយមានសរសៃខាប់(ដូចស៊ុត-ស) ឬមានប្រូតេអីុនចេញមកលាយឡំជាមួយទឹកមូត្រជាដើម។
2- ឈឺពោះខ្លាំង
អាចកើតឡើងរួមជាមួយការបន្ទោបង់ចេញមកមានឈាម ទឹកមូត្រខាប់ ឬមានគ្រាប់ខ្សាច់តូចៗ ដោយអាការទាំងអស់នេះប្រថុយប្រថានក្នុងការកើតក្រួសក្នុងតម្រងនោម និងជំងឺពាក់ព័ន្ធនឹងប្រព័ន្ធតម្រងនោម។
3- ឃើញមានដុំអ្វីម្យ៉ាងនៅម្ដុំក្រលៀន
បើសិនជាស្ទាបទៅហើយឃើញមានដុំសាច់អ្វីម្យ៉ាងនៅត្រង់ម្ដុំចង្កេះទាំងសងខាងរបស់អ្នក នេះអាចជាសញ្ញាគ្រោះថ្នាក់មួយរបស់ជំងឺក្រលៀនដែលបណ្តាលមកពីការស្ទះថង់ទឹកមូត្រ ការណែនស្ទះរបស់ក្រលៀន ឬការដុះសាច់នៅក្នុងក្រលៀនជាដើម។
4- សម្ពាធឈាមឡើងខ្ពស់
ដោយសារតែក្រលៀនបំពេញតួនាទីសាងសារធាតុគ្រប់គ្រងសម្ពាធឈាមប្រកបជាមួយក្រលៀនដែលមានតួនាទីរក្សាតុល្យភាពរបស់ទឹក និងអំបិលរ៉ែក្នុងរាងកាយ ដូច្នេះហើយទើបការដែលសម្ពាធឈាមឡើងខ្ពស់អាចបណ្តាលមកពីជំងឺក្រលៀនដោយត្រង់។
5- អាការហើម
អ្នកដែលកើតជំងឺក្រលៀននឹងមានអាការហើម ជាពិសេសនៅលើស្បែកភ្នែកនៅពេលព្រឹក ឬហើមមុខតែម្ដង ដែលបើសិនជាធ្ងន់ធ្ងរនឹងមានអាការហើមបែបនេះពេញទាំងដងខ្លួនតែម្ដង។ តែយ៉ាងណាក៏ដោយ អាការហើមនេះក៏អាចបណ្ដាលមកពីជំងឺថ្លើម ជំងឺបេះដូង
ការខ្វះសារធាតុអាហារ ឬភាពខុសប្រក្រតីពាក់ព័ន្ធនឹងអ័រម៉ូនបានដែរ ដូច្នេះគួរប្រញាប់ទៅជួបលោកគ្រូពេទ្យដើម្បីឱ្យបានដឹងពីមូលហេតុពិតប្រាកដ និងដើម្បីទទួលការព្យាបាលមុនពេលអ្វីៗហួសពេលនឹងកែកុនទៅបាន៕