បង្កើតវប្បធម៌នៃការអាន ជាចំណុចសំខាន់មួយដែលក្រសួងអប់រំ យុវជន និងកីឡា រួមទាំងអង្គការសង្គមស៊ីវិលមួយចំនួនដែលពាក់ព័ន្ធនឹងវិស័យអប់រំកំពុងយកចិត្តទុកដាក់ ហើយបានដាក់គោលដៅលើកុមារដើម្បីជំរុញឱ្យវប្បធម៌នេះកាន់តែរីកសាយឡើងនៅថ្ងៃអនាគត។
នៅពេលថ្មីៗនេះ កម្មវិធីមួយដែលមានឈ្មោះថា TEST (Technology for Education Systems Transformation) ត្រូវបានគម្រោង Development Innovation សហការជាមួយនឹងក្រសួងអប់រំ បង្កើតឡើងដើម្បីសម្រួលដល់ការវាយតម្លៃសមត្ថភាពអំណានរបស់សិស្ស កំណត់វិធីសាស្ត្រជួយសិស្សដែលត្រូវការរៀនបន្ថែមប្រកបដោយប្រសិទ្ធភាព និងពង្រឹងសមត្ថភាពអំណានរបស់សិស្សផងដែរ។
កម្មវិធី TEST ជាកម្មវិធីទូរស័ព្ទដៃមួយដែលអាចជួយសិស្សសាលាក្នុងការវាយតម្លៃការអានរបស់ពួកគេតាមរយៈការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន ,Tablet និងកុំព្យូទ័រ។
កម្មវិធីនេះ គឺបានជួយតភ្ជាប់ការអប់រំរវាងគ្រួ និងសិស្សបានល្អក្នុងកាលៈទេសៈជាច្រើនដែលសាលាភាគច្រើននៅកម្ពុជាមិនទាន់បានបង្រៀនគ្រប់គ្រាន់ក្នុងការធ្វើឱ្យមានតុល្យភាពដើម្បីបង្កើនចំនួនសិស្សសាលាតាមអាយុ។ កម្មវីធីនេះអនុញ្ញាតឱ្យគ្រូបង្រៀនកំណត់ពីលំហូរនៃការសិក្សារបស់សិស្សនៅក្នុងថ្នាក់រៀនរបស់ខ្លួនបានយ៉ាងងាយ ហើយគាត់ក៏អាចវាយតម្លៃពីភាពប្រែប្រួលជាលក្ខណៈបុគ្គល និងតម្រូវការរៀនសូត្ររបស់សិស្សម្នាក់ៗផងដែរ។
ចំណុចពិសេសនៃកម្មវិធី TEST នេះគឺអាចជួយឱ្យសិស្សអាចអភិវឌ្ឍការអានរបស់ខ្លួនតាមរយៈការអានសៀវភៅ និងលេងល្បែងពាក់ព័ន្ធនឹងការអាននៅក្នុងឧបករណ៍អេឡិចត្រូនិក ដែលមាននៅក្នុងបណ្ណាល័យនៃសាលាបឋមសិក្សាមួយចំនួននៅកម្ពុជា។ តាមរយៈកម្មវិធីនេះ គ្រូក៏អាចតាមដានការសិក្សារបស់សិស្សដែលបានប្រើប្រាស់បណ្តាញបច្ចេកវិទ្យានេះ ដែលវាជាការងាយស្រួលគ្រប់គ្រង និងអភិវឌ្ឍសមត្ថភាពពួកគេយ៉ាងងាយស្រួល និងប្រកបដោយប្រសិទ្ធភាព។
សព្វថ្ងៃមានសិស្សានុសិស្សជាង 11,600នាក់ និងគ្រូបង្រៀនជាង 280នាក់នៅប្រទេសកម្ពុជាកំពុងប្រើប្រាស់កម្មវិធីនេះ។ ក្រោមការគាំទ្ររបស់ USAID តាមរយៈគម្រោង Development Innovations នៅឆ្នាំ 2017នេះ អង្គការអប់រំពិភពលោកកំពុងបង្កើតកម្មវិធីនេះសម្រាប់សិស្សានុសិស្សថ្នាក់ទី3៕