ថ្ងៃនេះទស្សនាវដ្ដី ឡារ៉ែន បានពាំនាំនូវវិធីព្យាបាលជំងឺរលាកសន្លាក់ហ្គោត ដែលកើតមានចំពោះមនុស្សមានវ័យចំណាស់ តាមបែបឱសថដែលងាយរកនៅក្នុងផ្ទះ បើទោះបីជានៅតាមទីជន-បទ ឬទីក្រុងក៏ដោយ អាចរកមកផ្សំ ហើយដាំទឹកពិសាបានយ៉ាងជាសះស្បើយ ព្រមទាំងមិនបាច់ភ័យព្រួយខ្លាចមានគ្រោះថ្នាក់ចំពោះសុខភាពថែមទៀតផង។ មុននឹងរៀបរាប់អំពីឱសថព្យាបាលរោគជំងឺខាងលើនេះ ជាបឋមសូមជម្រាបជូនប្រិយមិត្តអ្នកអានជាមុនអំពីអ្វីទៅជារោគជំងឺរលាកសន្លាក់ហ្គោតសិនថា កើតនៅកន្លែងណាខ្លះនៃរាងកាយរបស់មនុស្សយើង?
រោគហ្គោត ឬរលាកសន្លាក់ហ្គោត ជាភាវៈជំងឺដែលអាចសង្កេតពីអាការរលាកសន្លាក់រ៉ាំរ៉ៃហើយផ្ដល់នូវរោគសញ្ញាឱ្យមានអារម្មណ៍ឈឺចាប់ស្រួចស្រាវដដែរៗ ហើយមានចេញអុចពណ៌ក្រហម ឡើងពងទឹក រលាក ហើមត្រង់គន្លាក់សន្លាក់ សន្លាក់ឆ្អឹងបាតជើង ម្រាមជើង ម្រាមដៃ ជាពិសេសរមែងកើតត្រង់សន្លាក់មេជើង ដែលទទួលរងនូវផលប៉ះពាល់គ្រោះថ្នាក់ខ្លាំងបំផុត ហើយធ្លាប់កើតលើក្រុមមនុស្សប្រមាណជា50%នៃអ្នកជំងឺលោកខាងលិច។ ក្រៅពីនេះ អាចជួបប្រទះរោគសញ្ញាហើមពងទឹកលើស្បែក ក្រួសក្នុងតម្រងនោម និងរោគតម្រងនោមដែលកើតពីអាស៊ីតអ៊ុយរិក។ល។ រោគនេះកើតឡើងនៅពេលជាតិអាស៊ីតអ៊ុយរិកឡើងខ្ពស់នៅក្នុងឈាមហើយអាស៊ីតនេះច្រើនគ្រាប់ ដែលមានសណ្ឋានដូចគ្រាប់គ្រីស្ដាល់ចំសរសៃ និងជុំវិញសរសៃយាវ។
ការស្រាវជ្រាវរបស់គ្រូពេទ្យជំនាញចំពោះការពិនិត្យដុំគ្រីស្ដាល់ដែលមានលក្ខណៈស្រដៀងនឹងក្រួសតម្រងនោមនេះបានរកឃើញថា វិធីព្យាបាលជំងឺនេះគឺអាចធ្វើទៅបានដោយប្រើថ្នាំបំបាត់ការរលាកមួយប្រភេទ ដែលមិនប្រើស្តេរ៉ូអីុដ(NSAIDs) និង Colchicine អាចព្យាបាលឱ្យអ្នកជំងឺមានអាការប្រសើរឡើង បន្ទាប់ពីចាប់ផ្ដើមមានអាការរលាកស្រួចស្រាវកើតឡើង ហើយកម្រិតនៃទឹកអាស៊ីតអ៊ុយរិកដែលមាននៅក្នុងឈាមក៏ថយចុះវិញដែរ។ ជំងឺនេះអាចជាសះ-ស្បើយបានដោយការផ្លាស់ប្ដូររបៀបរស់នៅរបស់អ្នកជំងឺពោលគឺអ្នកដែលមានអាការរោគនេះអាចប្រើ Allopurinol ឬថ្នាំចាក់ Prome-nade ដើម្បីការពារក្នុងរយៈពេលយូរអង្វែង។
ចំនួនអ្នកជំងឺរោគរលាកសន្លាក់ហ្គោត អាចនឹងកើតជំងឺនេះឡើងវិញនៅក្នុងអំឡុងរយៈពេល10ឆ្នាំក្រោយមក ហើយគេជឿជាក់ថា ជំងឺរលាកសន្លាក់ហ្គោត អាចហុចផលវិជ្ជមានមួយចំនួនចំពោះក្រុមមនុស្សដែលមានជំងឺមេតាបូលិកក្រុមមនុស្សដែលអាយុច្រើន និងក្រុមមនុស្សដែលមានទង្វើនៃការបរិភោគអាហារផ្លាស់ប្ដូរជារឿយៗ។ ពីមុនជំងឺរលាកសន្លាក់ហ្គោតធ្លាប់មានឈ្មោះថា ជាជំងឺអ្នកមាន ឬជំងឺស្ដេច។
វិធីព្យាបាល និងវិធីការពារខ្លួនពីជំងឺរោគរលាកសន្លាក់ហ្គោត
1. ស្លឹកគ្រៃសុទ្ធ 4-5 ដើម
2. ស្លឹកតើយសុទ្ធ 2-3 សន្លឹក
3. ទឹកបរិសុទ្ធ 2 លីត្រ
វិធីធ្វើ
1. ដាំទឹកស្លឹកគ្រៃ និងស្លឹកតើយរហូតដល់ពុះ។ នៅពេលពុះហើយ ក៏បន្ថយភ្លើងចុះបន្ដិចវិញ។
2. រំងាស់វាបន្ដរយៈពេល15នាទី ហើយនៅពេលរំងាស់ហាមបិទគម្របឆ្នាំងជាដាច់ខាត។
3. បន្ទាប់ពីគ្រប់15នាទីហើយ សឹមពន្លត់ភ្លើង រួចទុកចោលឱ្យត្រជាក់។
4. ចូរទទួលទានទឹកស្លឹកគ្រៃនេះជំនួសទឹកធម្មតាចំនួន1សប្ដាហ៍ ដើម្បីលាងជាតិអាស៊ីតអ៊ុយរិកនៅក្នុងឈាម ដែលជាមូលហេតុបណ្ដាលឱ្យកើតអាការឈឺជង្គង់ ឬសន្លាក ដែលកើតពីជំងឺរលាកសន្លាក់ហ្គោតនេះ ឱ្យជាសះស្បើយ និងមានភាពប្រសើរឡើងដោយមិនបាច់ប្រើប្រាស់ថ្នាំអ្វីទាំងអស់។ ចំពោះអ្នកដែលមានអាយុច្រើន តែមិនទាន់កើតមានជំងឺរលាកសន្លាក់ហ្គោត ក៏អាចទទួលទានទឹកស្លឹកគ្រៃនេះ ដើម្បីការពារខ្លួនពីជំងឺនេះបានដែរ៕