ក្រុមបាល់ទាត់ជម្រើសជាតិអូស្ត្រាលី បានឈ្នះកៅអីទៅលេងក្នុងយុទ្ធនាការ World Cup ជាលើកទី4ជាប់ៗគ្នារបស់ពួកគេតាមរយៈការផ្តួលក្រុមជម្រើសជាតិហុងឌូរ៉ាស ក្នុងលទ្ធផល 3-1 ក្នុងការប្រកួតវគ្គ Playoff អន្តរទ្វីបជើងទី2 នាកីឡដ្ឋាន Stadium Australia ក្នុងទីក្រុងស៊ីដនី កាលពីថ្ងៃពុធ។
ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ កាលពីជើងទី1 ការស៊ុតបាល់ពិន័យ Free-kick របស់ខ្សែបម្រើ Mile Jedinak នៃក្លិប Aston Villa បានរត់ទៅចំខ្សែការពារ Henry Figueroa របស់ក្រុមហុងឌូរ៉ាស ហើយប្លាតចូលទីយ៉ាងល្អ ដើម្បីជួយឲ្យក្រុមម្ចាស់ផ្ទះមានគ្រាប់បាល់បើកឆាក។ បន្ទាប់មក Jedinak បានរកគ្រាប់បាល់បញ្ចូលទី2គ្រាប់បន្ថែមទៀតពីការស៊ុតបាល់ប៉េណាល់ទី ក្រោយពីខ្សែការពារ Bryan Acosta បានធ្វើឲ្យបាល់ប៉ះដៃក្នុងប្រអប់គ្រោះថ្នាក់ និងបន្ទាប់ពីការប្រព្រឹត្តកំហុសរបស់កីឡាករ Johnny Palacios ដើម្បីជ័យជម្នះរបស់ក្រុមអូស្ត្រាលីតែម្តង។ ខ្សែការពារ Maynor Figueroa បានវាយបកបាន1គ្រាប់វិញសម្រាប់ក្រុមភ្ញៀវ ប៉ុន្តែវាហាក់ដូចជាយឺតពេលបន្តិចហើយសម្រាប់ក្រុមជម្រើសជាតិហុងឌូរ៉ាស។ ជ័យជម្នះនេះ មានន័យថា អូស្ត្រាលី នឹងបានចូលរួមជាមួយនឹងក្រុមចំនួន3០ក្រុមផ្សេងទៀត ក្នុងនោះរាប់បញ្ចូលទាំងម្ចាស់ផ្ទះរុស្ស៊ី ផងដែរ សម្រាប់យុទ្ធនាការ World Cup ឆ្នាំ2018 ខណៈដែលក្រុមទី32 នឹងត្រូវកាត់សេចក្តី បន្ទាប់ពីការប្រកួតរវាងក្រុមជម្រើសជាតិប៉េរូ និងនូវែលសេឡង់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
លោក Ange Postecoglou គ្រូបង្វឹកនៃក្រុមជម្រើសជាតិអូស្ត្រាលី បានឲ្យដឹងថា៖ «និយាយឲ្យត្រង់ទៅ វាជាការទទួលជ័យជម្នះដ៏ធំមួយ។ នៅពេលដែលអ្នកកំពុងតែធ្វើជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិរបស់អ្នក ដើម្បីទទួលខុសត្រូវកាន់តែធំ អ្នកដឹងថា វាពិតជាមានន័យណាស់សម្រាប់ជាតិ និងក្នុងការប្រកួតនេះ»៕
ប្រភពពី៖ BBC