ភ្នំពេញ៖ នៅក្នុងប្រទេសកម្ពុជា អ្នកបំពេញការងារនៅតាមបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ពិសេសនៅក្នុងវិស័យកាត់ដេរ និងសំណង់ហាក់មិនទាន់មានជំនាញគ្រប់គ្រាន់សមទៅតាមតម្រូវការទីផ្សារការងារនៅឡើយ ដោយភាគច្រើនធ្វើការដោយប្រើកម្លាំងពលកម្មសុទ្ធសាធ។
លោក Charles Esterhoy ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំប្រទេសកម្ពុជា ហៅកាត់ថា AmCham បានមានប្រសាសន៍ថា តាមការសង្កេតមើលការបំពេញការងាររបស់កម្មករនិយោជិតនៅតាមបណ្តារោងចក្រនានានៅកម្ពុជា ពួកគេហាក់នៅមិនទាន់មានជំនាញគ្រប់គ្រាន់ និងតម្រូវឱ្យមានការបណ្តុះបណ្តាលជំនាញបន្ថែមឱ្យកាន់តែប្រសើរឡើង ដើម្បីឱ្យពួកគេបំពេញការងារបានលឿន និងទទួលបានប្រាក់ចំណូលច្រើនត្រឡប់ទៅវិញ។
លោកថា កន្លងមកដោយយល់ឃើញពីកង្វះខាតជំនាញ និងបទពិសោធរបស់អ្នកស្វែងរកការងារធ្វើក្នុងការបំពេញតាមលក្ខខណ្ឌ និងតម្រូវការជ្រើសរើសបុគ្គលិកពីសំណាក់សមាជិករបស់ខ្លួន សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham) បានសហការជាមួយ NEA ក្នុងការត្រៀមលក្ខណៈចូលទីផ្សារការងាររបស់យុវជនតាមរយៈការអនុវត្តកម្មវិធីកម្មសិក្សាការងារជាមួយក្រុមហ៊ុនដែលជាសមាជិករបស់ខ្លួន ដើម្បីឱ្យកិច្ចសហប្រតិបត្តិការនេះ ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញ និងការងាររបស់យុវជន រួមមាន៖ គោលនយោបាយស្តីពីមុខរបរ និងការងារឆ្នាំ 2015-2025(NEP), គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ 2015-2025 (IDP), គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ 2017-2025 (TVET-Policy) និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាលបានថ្លែងគាំទ្រចំពោះគម្រោងខាងលើ ដើម្បីជួយឱ្យកម្មករកម្ពុជាមានជំនាញកាន់តែប្រសើរឡើងក្នុងការបំពេញការងារប្រកបដោយវិជ្ជាជីវៈ។ ឯកឧត្តមមានប្រសាសន៍ថា គម្រោងនេះក៏ជាការបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀតរវាងសភាពាណិជ្ជកម្មអាមេរិកប្រចាំប្រទេសកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។
ដើម្បីឱ្យគម្រោងបណ្តុះបណ្តាលនេះទទួលបានលទ្ធផលជាផ្លែផ្កា ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីភាព និងជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី “កម្មវិធីកម្មសិក្សាការងារ” រវាងទីភ្នាក់ងារជាតិមុខរបរ និងការងារ ជាមួយសភាពាណិជ្ជកម្មអាមេរិកប្រចាំប្រទេសកម្ពុជា (AmCham)។
គួរបញ្ជាក់ថា គោលបំណងនៃកិច្ចសហប្រតិបត្តិការដើម្បីអនុវត្តសាកល្បងនូវ “កម្មវិធីកម្មសិក្សាការងារ” នេះសំដៅលើកកម្ពស់ជំនាញ បទពិសោធ ការទទួលបានឱកាសការងារ និងចូលទីផ្សារការងារកាន់តែងាយស្រួលរបស់យុវជន ព្រមទាំងឆ្លើយតបតាមតម្រូវការរបស់និយោជកឱ្យកាន់តែប្រសើរឡើងផងដែរ៕