Skip to content

វត្តមាន​ក្រុមហ៊ុន​សម្លៀកបំពាក់​ម៉ាកល្បីៗនៅ​កម្ពុជា នឹងធ្វើ​ឱ្យ​វិស័យ​កាត់ដេរ​កាន់តែ​ល្អប្រសើរ

ភ្នំពេញ៖ ទោះបីជា​កម្ពុជា​ជិត​ផុត​កូតា​នាំ​សម្លៀកបំពាក់​ដោយ​មិនបាច់​បង់ពន្ធ​ចេញទៅ​លក់​នៅលើ​ទីផ្សារ​អឺរ៉ុប​ក៏ដោយ ប៉ុន្តែ​ការងារ​ក្នុង​វិស័យនេះ​នឹងមិន​ធ្លាក់ចុះ​នោះទេ ហើយ​ថែមទាំង​មាន​ភាពល្អ​ប្រសើរឡើងទៀត​ផង ដោយសារ​តែមាន​ក្រុមហ៊ុន​សម្លៀកបំពាក់​ម៉ាកល្បីៗនៅលើ​ពិភពលោក​ស្នើសុំ​មកពី​ពង្រីក​ក្រុមហ៊ុន​នៅ​កម្ពុជា។

លោក​បណ្ឌិត Frank Hoffer ប្រធាន​ប្រតិភូ​តំណាង​ក្រុមហ៊ុន​សម្លៀកបំពាក់​ម៉ាកល្បីៗលើ​ពិភពលោក និង​ក្រុមហ៊ុន​លក់រាយ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ និង​កាត់ដេរ កាលពី​រសៀល​ម្សិលមិញ​នេះ បានស្នើ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​រឹងមាំ និង​កិច្ចពិភាក្សា​ឱ្យ​កាន់តែច្រើន រវាង​ប្រតិភូ ACT (Action, Collaboration, Transformation) ជាមួយ​ក្រសួងពាណិជ្ជកម្ម និង​ភ្នាក់ងារ​ពាក់ព័ន្ធ​ដទៃទៀត​ក្នុង​វិស័យ​កាត់ដេរ និង​វាយ​ន​ភណ្ឌ​កម្ពុជា។ សំណើ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងឱកាស​ដែល​លោក​បណ្ឌិត​ដឹកនាំ​តំណាង​ក្រុមហ៊ុន H&M, Next, C&A, Debenhams, Inditex, Kmart-Australia, Primark និង IndustriALLចូលជួប​ពិភាក្សា​ជាមួយ​ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ដើម្បី​ស្វែងយល់​ពី​ដំណើរ​វិវឌ្ឍន៍ថ្មីៗនៅក្នុង​វិស័យ​កាត់ដេរ និង​វាយ​ន​ភណ្ឌ​កម្ពុជា។

លោក​បណ្ឌិត Frank Hoffer បាន​កោតសរសើរ​ចំពោះ​កំណែទម្រង់​នានា និង​បាន​ស្នើសុំ​ការគាំទ្រ​ពី​ក្រសួងពាណិជ្ជកម្ម​ដើម្បី​បង្កើត​សិក្ខាសាលា​នានា ដោយមាន​ការចូលរួម​ពី​ភាគី​ក្រសួងពាណិជ្ជកម្ម អ្នកបញ្ជា​ទិញ (Buyers) សហជីព និង​រោងចក្រ​ដើម្បី​ប្រមូល​ធាតុ​ចូលថ្មីៗសំដៅ​រៀបចំ​យុទ្ធសាស្ត្រ​សម្រាប់​អភិវឌ្ឍ​វិស័យនេះ។ លោក​បណ្ឌិត​ក៏បាន​ស្នើឱ្យ​មានការ​ថ្លឹងថ្លែង រវាង​ការបង្កើន​ប្រាក់​ឈ្នួល​អតិបរមា និង​ផលិតភាព​ការងារ​របស់​កម្មករ-កម្មការិនី​ដើម្បី​ចៀសវាង​ធ្វើឱ្យ​ភាគី​ណាមួយ​រងគ្រោះ ដោយសារ​គោលនយោបាយ​កំណត់​ប្រាក់​ឈ្នួល។

ក្នុងជំនួប​នោះ​ឯកឧត្តម ឱក ប៊ុង បាន​គូសបញ្ជាក់ថា កន្លងមក​កម្ពុជា​ទទួល​បាន​ផលចំណេញ​តិចតួច​ពី​វិស័យ​កាត់ដេរ ដោយសារ​បញ្ហា​កង្វះខាត​បច្ចេកវិទ្យា​រួមជាមួយ​ខ្សែចង្វាក់​តម្លៃ​សម្រាប់​វិស័យនេះ​នៅមានកម្រិត​ទាប។ ឯកឧត្តម​រដ្ឋលេខាធិកា​រ​បាន​ស្នើឱ្យ​ក្រុមហ៊ុន​បញ្ជា​ទិញ (Buyers) ចូលរួម​ធ្វើការ​វិនិយោគ និង​ផ្ទេរ​នូវ​បច្ចេកវិទ្យាថ្មីៗសម្រាប់​វិស័យនេះ ដើម្បី​ធ្វើឱ្យ​កម្ពុជា​មានលទ្ធភាព​ផលិត​គ្រប់គ្រាន់​តាំងពី​ការកែច្នៃ​វត្ថុធាតុដើម រហូតដល់​ផលិតផល​សម្រេច ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ។

ហើយ​ខាង​ភាគី​ក្រសួង​មានការ​ចាប់អារម្មណ៍​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់លោក​បណ្ឌិត Frank Hoffer ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​កាត់ដេរ និង​វាយ​ន​ភណ្ឌ​នៅក្នុង​ប្រទេស​កម្ពុជា និង​បានស្នើ​ឱ្យមាន​ការពិភាក្សា​បន្ថែម​លើ​ប្រធានបទ​នេះ​នៅក្នុង​ជំនួប​លើក​ក្រោយ ដើម្បី​ឈានទៅដល់​ការសម្រេច​តាម​គោលដៅ​ក្នុង​ពេលខាងមុខឆាប់៕

Leave a Reply

Your email address will not be published. Required fields are marked *