សហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី បានបណ្តេញលោក Gian Piero Ventura ចេញពីតំណែងអ្នកចាត់ការទូទៅ ក្រោយពីបានរងបរាជ័យទាំង2ជើងក្នុងលទ្ធផល 1-០ ក្រោមស្នាដៃក្រុមជម្រើសជាតិស៊ុយអែត ក្នុងការប្រកួតជម្រុះ World Cup វគ្គ Playoff ដែលបានធ្វើឲ្យក្រុមម្ចាស់ជើងឯកពិភពលោក4សម័យកាលមួយនេះ ខកខានក្នុងការឈានទៅជុំផ្តាច់ព្រ័ត្រ ជាលើកទី1ក្នុងរយៈពេល60ឆ្នាំ។
ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីរាត្រីថ្ងៃពុធ សហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី បានប្រកាសថា រជ្ជកាលនៃការដឹកនាំរយៈពេល16ខែរបស់លោក Ventura បានបញ្ចប់ហើយ។ សហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី បានឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំមួយថា៖ «ក្នុងចំណុចទីមួយនៃរបៀបរបស់យើង លោក Carlo Tavecchio ដែលជាប្រធានសហព័ន្ធ បានធ្វើការពិភាក្សាទៅលើការសម្រេចចិត្តមួយរបស់គណៈកម្មការដឹកនាំ ហើយចាប់ពីពេលនេះតទៅ លោក Gian Piero Ventura លែងជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិទៀតហើយ»។ លោក Ventura វ័យ69ឆ្នាំ បាននិយាយបន្ទាប់ការប្រកួតជាមួយនឹងក្រុមស៊ុយអែតថា៖«ខ្ញុំសុំអភ័យទោសសម្រាប់លទ្ធផលនេះ ប៉ុន្តែ មិនមែនសម្រាប់ការខិតខំព្យាយាម និងការការពារដ៏លំបាកនោះឡើយ។ ខ្ញុំដឹងថា លទ្ធផលនេះពិតជារឿងដ៏សំខាន់បំផុត»។
ការសម្រេចចិត្តក្នុងការជ្រើសរើសគ្រូបង្វឹកថ្មីម្នាក់មកជំនួសកន្លែងរបស់លោក Ventura មិនទាន់ត្រូវបានធ្វើឡើងនៅឡើយ ខណៈដែលលោក Tavecchio បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថា សហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី កំពុងតែធ្វើការពិចារណាទៅលើ «គ្រូបង្វឹកសំខាន់» ដើម្បីជំនួសលោក Ventura។ លោក Carlo Ancelotti ដែលអស់ការងារធ្វើចាប់តាំងពីត្រូវបានបណ្តេញចេញដោយក្លិប Bayern Munich កាលពីដើមរដូវកាលនេះ គឺជាបេក្ខភាពឈានមុខគេក្នុងការចូលកាន់តំណែងនេះ៕
ប្រភពពី៖ The Guardian