ថ្មីៗនេះ នាឱកាសពិសេសនៃការសម្ពោធក្រុមបាល់ទាត់តារាមហាហង្សដែលបានប្រកាសឈ្មោះជាផ្លូវការថា “Mohahang All Star Football Team” ជាក្រុមដែលប្រមូលផ្ដុំដោយតារាសម្ដែង និងក្រុមការងារបច្ចេកទេសផ្នែកសិល្បៈ ក្រោមវត្តមានកិត្តិយសពី លោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្ស និងក្រុមពាណិជ្ជករថៃពីបណ្តាក្រុមហ៊ុនជាច្រើនៗ រួមទាំងវត្តមានក្រុមតារាប្រុស-ស្រីជាច្រើនទៀត។
នៅក្នុងពិធីខាងលើនេះលោក អ៊ិន សុភិន បានប្រកាសនៅមុខក្រុមអ្នកសារព័ត៌មានថា គោលបំណងដែលជំរុញឲ្យលោកសម្រេចបង្កើតក្រុមបាល់ទាត់ជាផ្លូវការនៅពេលនេះ ព្រោះលោកចង់ផ្ដល់ឱកាសឲ្យក្រុមតារាៗ និងក្រុមការងារបច្ចេកទេសផ្សេងៗ ដែលនិយមចូលចិត្តលេងកីឡាបាល់ទាត់មួយនេះ ទើបលោកបង្កើតឱ្យមានជាក្រុមលេងច្បាស់លាស់ និងមានការប្រកួតត្រឹមត្រូវ សមស្របទៅតាមក្បួនច្បាប់ប្រកួតជាលក្ខណៈអន្ដរជាតិឡើង។
លើសពីនេះ លោកក៏បានបង្ហាញពីក្ដីរំពឹងវែងឆ្ងាយពីការបង្កើតក្រុមមួយនេះផងដែរ។ តែជំហានដំបូង លោកគ្រោងនឹងទទួលស្វាគមន៍គ្រប់ការប្រកួតមិត្តភាពទាំងអស់ មិនថាក្រុមតារាល្បីៗ ស្ថាប័នរដ្ឋ ឬឯកជនឡើយ ពោលគឺអាចចូលរួមប្រកួតយកពានសមល្មមមួយ ដើម្បីជាបទពិសោធឆ្ពោះទៅចូលលេងជាមួយក្រុមពាក់កណ្ដាលខ្លាំង។
ជាចុងក្រោយម្ចាស់ផលិតកម្ម មហាហង្សរូបនេះក៏បានបញ្ជាក់ប្រាប់ថា «នៅដើមឆ្នាំ2018ខាងមុខនេះ ផលិតកម្មមហាហង្ស នឹងរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យមួយទៀតគឺ ការប្រកួតមិត្តភាពរវាងក្រុមបាល់ទាត់តារាមហាហង្ស និងក្រុមតារាល្បីៗប្រចាំប្រទេសថៃ នៅលើទឹកដីកម្ពុជា ហើយជាបន្ដបន្ទាប់ លោកក៏មានគម្រោងណាត់ក្រុមតារាល្បីៗរបស់វៀតណាម ឡាវ និងក្រុមតារាក្នុងតំបន់ មកចូលរួមប្រកួតមិត្តភាពនៅកម្ពុជាទៀតផង»៕