នៅមុននេះបន្តិច មហាជនទូទៅ ជាពិសេសបណ្តាអ្នកគាំទ្រតែម្ដង បានសម្ដែងនូវភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបានឃើញបណ្តាញសារព័ត៌មានក្នុងស្រុកជាច្រើនចេញផ្សាយជាបន្តបន្ទាប់ថា កំពូលតារាចម្រៀងស្រីល្បីឈ្មោះប្រចាំនៅក្នុងផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា បានភ្ជាប់ពាក្យជាមួយកូនប្រុសច្បងរបស់ម្ចាស់ក្រុមហ៊ុនហង្សមាស ជាមួយនឹងការទទួលបានតំណែងថ្មីជានាយិកាគ្រប់គ្រងផលិតកម្មដ៏ធំមួយនេះផងដែរ។ ប៉ុន្តែក្រោយមកបន្តិច ព័ត៌មានមួយនេះត្រូវបានសាច់ញាតិ ជាពិសេស អ្នកម្តាយរបស់កំពូលតារាចម្រៀងរូបនេះចេញមុខធ្វើការបដិសេធទាត់ចោលទាំងស្រុង ជាមួយនឹងការបញ្ជាក់ថា វាគ្រាន់តែជាព័ត៌មានប្រឌិតតែប៉ុណ្ណោះ។
ដោយឡែកពេលនេះ ខណៈដែលព័ត៌មាននិយាយពីការភ្ជាប់ពាក្យមិនទាន់បានសាបរលាបទៅវិញផងនោះ ស្រាប់តែមានការទម្លាយចេញពីប្រភពដែលជាអ្នករួមក្រុមការងារក្នុងផលិតកម្មតែមួយបង្ហើបថា ប្រសិនបើមិនមានអ្វីប្រែប្រួលនោះទេ គឺនៅសល់មិនយូរនោះឡើយ ពោលគឺត្រឹមដើមឆ្នាំ2018ឆាប់ៗខាងមុខនេះ ទស្សនិកជន ក៏ដូចជាមហាជននឹងមានភាពភ្ញាក់ផ្អើលកាន់តែខ្លាំងនៅពេលដែលកំពូលតារាស្រីមានប្រជាប្រិយភាពខ្ពស់ម្នាក់នេះ លាចាកភាពនៅលីវដោយការបោះជំហានដើរចូលរោងការ ខណៈបុរសដែលមានសំណាងបានក្លាយជាកូនកំលោះគឺគ្មានអ្នកណាក្រៅពីកូនប្រុសសំណព្វរបស់កំពូលអ្នកជំនួញផ្នែកសិល្បៈកម្សាន្តក្រុមហ៊ុនហង្សមាសដូចពាក្យចចាមអារ៉ាមនោះឡើយ។
ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងដំណឹងចុងក្រោយនេះថា ឱក សុគន្ធកញ្ញា គ្រោងនឹងចូលរោងការនៅដើមឆ្នាំ2018ឆាប់ៗខាងមុខនេះ គេនៅមិនទាន់អាចជឿជាក់បាន100%នៅឡើយនោះទេ ដូច្នេះ សូមរង់ចាំតាមដានទាំងអស់គ្នាណា៎…៕