នាថ្ងៃទី2 ឧសភា 2024 នេះ រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា នឹងត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការ ក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
រោងចក្រដំឡើងរថយន្តតូយ៉ូតានៅកម្ពុជា គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Toyota Tsusho Corporation របស់ជនជាតិជប៉ុន និងក្រុមហ៊ុនខ្មែរ គង់ នួន គ្រុប ដែលក្នុងនោះ ក្រុមហ៊ុនជប៉ុនមានភាគហ៊ុន 90% និងក្រុមហ៊ុនខ្មែរកាន់កាប់ 10%។
ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឈឺរីង បានទទួលវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់ការបង្កើតរោងចក្រផ្តុំ និងដំឡើងរថយន្តតូយ៉ូតា ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។
រោងចក្រនេះមានសមត្ថភាពដំឡើងរថយន្តចំនួនពីរប្រភេទ រួមមាន ទីមួយជាប្រភេទ SUV ម៉ាក FORTUNER និងទីពីជាប្រភេទ Pick-UP ម៉ាក HILUX។
រោងចក្រដែលមានទុនវិនិយោគជាង 36លានដុល្លារអាមេរិក និងមានបុគ្គលិកសរុបចំនួន 150នាក់នេះ មានសមត្ថភាពដំឡើងរថយន្តចំនួន 1,320គ្រឿងសម្រាប់ឆ្នាំ 2024។ រថយន្តដែលរោងចក្រនេះត្រូវផ្គុំដំឡើងគឺ រថយន្ត FORTUNER ចំនួន 290គ្រឿង និងរថយន្ត HILUX ចំនួន 1,030គ្រឿង។
បច្ចុប្បន្ន កម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្ត សរុបចំនួន 6 បូករួមទាំងរោងចក្រតូយ៉ូតា។ ក្នុងនោះ រួមមានជាអាទិ៍ រោងចក្រផលិតរថយន្ត Ford, Hyundai, KIA, និង GTV ជាដើម។