សត្វមូស ចូលចិត្តរស់នៅកន្លែងដែលមានទឹកដក់ និងនៅតាមកន្លែងដែលស្តុក ព្រោះកន្លែងទាំងនោះគឺជាជម្រក និងជាកន្លែងបង្កកំណើតសត្វមូសជាច្រើនពាន់ច្រើនមឺុនក្បាល។ ក៏ប៉ុន្ដែនៅក្នុងចំណោមសត្វមូសទាំងអស់នោះគឺមាន សត្វមូសខ្លាដែលជាសត្វចម្លងមេរោគគ្រុនឈាមដ៏សាហាវ។ ដូច្នេះហើយនៅរដូវភ្លៀងធ្លាក់ អ្នកចាំបាច់ត្រូវតែប្រុងប្រយ័ត្នជាមួយនឹងសត្វមូស មិនត្រូវបណ្ដោយឱ្យសត្វកំណាចនេះ បានចាប់កំណើតនៅក្នុងបរិវេណផ្ទះរបស់អ្នកនោះទេ ដើម្បីការពារបុត្រធីតារបស់អ្នកមិនឱ្យសត្វមូសខាំ ព្រោះវាជាមូលហេតុបង្កឱ្យកើតមានជំងឺគ្រុនឈាម និងជំងឺគ្រុនក្ដៅផ្សេងៗ។
គ្រោះថ្នាក់ដែលកើតពីសត្វមូសខាំមានច្រើនណាស់ដូចជា៖
• ជំងឺគ្រុនឈាម ជាជំងឺដ៏កាចសាហាវមួយដែលចម្លងដោយសត្វមូសខ្លាញី វាអាចមានគ្រោះថ្នាក់ដល់ជីវិតរបស់មនុស្សថែមទៀតផង។
• ជំងឺរលាកខួរក្បាល ប្រភេទ JE ក៏ជាប្រភេទជំងឺដែលកើតឡើងដោយសាសត្វមូសជាភ្នាក់ងារចម្លងដូចគ្នាដែរ។
• ជំងឺហើមជើងដំរី ក៏បណ្ដាលមកពីសត្វមូសខាំដែរ។
• ជំងឺស៊ីកា គឺជាជំងឺដ៏គ្រោះថ្នាក់ថ្មីមួយទៀតដែលអ្នកគួរតែប្រុងប្រយ័ត្ន។
ដូច្នេះហើយនៅក្នុងខែថ្មីនេះ ឡារ៉ែន សូមលើកយកនូវឥទ្ធិពលរបស់រុក្ខជាតិមួយចំនួនដែលមានសមត្ថភាពក្នុងការបណ្ដេញសត្វមូសកំណាចចេញពីផ្ទះរបស់អ្នកបានតាមរយៈក្លិនរបស់វា។ ដូច្នេះសូមតាមដាន និងស្វែងយល់ទាំងអស់គ្នាដូចតទៅ។
1- Rosemary
រុក្ខជាតិមួយប្រភេទនេះ មិនមែនមានគុណប្រយោជន៍តែជាគ្រឿងទេសសម្រាប់ធ្វើម្ហូបនោះទេ វាក៏មានប្រសិទ្ធភាពក្នុងការបណ្ដេញសត្វមូសឱ្យចេញពីលំនៅឋានរបស់អ្នកផងដែរ ដោយគ្រាន់តែដាំរុក្ខជាតិប្រភេទនេះ នៅក្នុងសួនច្បារជាមួយរុក្ខជាតិ ឬដើមផ្កាផ្សេងៗជាការស្រេច។
2- ស្លឹកគ្រៃ
ស្លឹកគ្រៃ គឺជាប្រភេទរុក្ខជាតិដែលមានក្លិនក្រអូប តែផ្ទុយទៅវិញក្លិនរបស់វាមានឥទ្ធិពលអាចបណ្ដេញសត្វមូសយ៉ាងពូកែ។ ម្យ៉ាងវិញទៀតការដាំស្លឹកក្រៃនៅក្បែរផ្ទះ គឺជារឿងដ៏ប្រសើរបំផុត ព្រោះវាអាចជួយបណ្ដេញសត្វកំណាចមួយចំនួនបានដូចជា សត្វពស់ សត្វក្អែប និងសត្វមូសជាដើម។
3- ជីអង្កាម
ជារុក្ខជាតិឱសថបុរាណមួយប្រភេទ ដែលមានសមត្ថភាពអាចបណ្ដេញសត្វមូសបាន ដោយនៅក្នុងជីអង្កាមមានក្លិនម៉ុងតុល ឬក្លិនប្រហើររសជាតិហឹរតិចៗ ដែលធ្វើឱ្យមូសចាញ់ក្លិន និងអាចឱ្យមូសស្លាប់បាន។ មិនត្រឹមតែមូសនោះទេ នៅមានសត្វស្រមោច សត្វកន្លាត និងសត្វឃ្មុំក៏ចាញ់ក្លិននេះដែរ។
4- ជីនាងវង
ជនជាតិខ្មែរយើងពេញនិយមជាមួយនឹងក្លិនជីនាងវងនៅក្នុងការបង់សម្លរ ឬស្ងោរជ្រក់ជាដើម តែអាថ៌កំបាំងរបស់ជីមួយប្រភេទនេះ ក៏អាចជួយកម្ចាត់សត្វមូសឱ្យចេញពីផ្ទះរបស់អ្នកផងដែរ។
5- ជីបហោ
ជីបហោ មិនត្រឹមតែជាឱសថបុរាណព្យាបាលជំងឺប្រព័ន្ធផ្លូវដង្ហើមនោះទេ វាក៏អាចកម្ចាត់សត្វមូសបាន ព្រមទាំងធ្វើឱ្យអ្នកមានសុខភាពល្អថែមទៀតផង៕