ចម្ការដូងចំនួន 13 និងទីតាំងវេចខ្ចប់ចំនួន 5 ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ទទួលបានការអនុម័តទទួលស្គាល់ជាផ្លូវការពីអគ្គរដ្ឋបាលគយចិន។ នេះបើតាមលោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងកាលពីថ្ងៃទី 22 ខែមេសា ឆ្នាំ 2024។
ការទទួលបានការអនុម័តទទួលស្គាល់ខាងលើ ត្រូវបានធ្វើឡើងបន្ទាប់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ជាមួយអគ្គរដ្ឋបាលគយយចិន បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន កាលពីថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2023។
កន្លងមក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងដល់ភាគីពាក់ព័ន្ធនឹងដូង ដែលមានបំណងផលិត និងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន ឱ្យដាក់ពាក្យស្នើសុំចុះបញ្ជី។
បន្ទាប់ពីទទួលបានពាក្យស្នើសុំ ក្រសួងកសិកម្ម បានចាត់មន្ដ្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានចែងនៅក្នុងពិធីសារ ហើយបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ទាំងនោះ ទៅកាន់ភាគីចិន ដើម្បីពិនិត្យ និងវាយតម្លៃបន្ត។
គិតត្រឹមពេលនេះ អគ្គរដ្ឋបាលគយយចិនបានអនុម័តទទួលស្គាល់ជាផ្លូវការ ចម្ការដូងចំនួន 13 និងទីតាំងវេចខ្ចប់ចំនួន 5 របស់កម្ពុជា ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ទៅកាន់ប្រទេសចិន។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅត្រីមាសទីមួយនៃឆ្នាំ 2024 ស្ថានភាពនៃការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានភាពប្រសើរឡើង។ ប្រទេសចិនក្លាយជាដៃគូដោះដូរពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ដោយសម្រេចបានជាង 3ពាន់2រយលានដុល្លារអាម៉េរិក។ ក្នុងនោះ កម្ពុជាបាននាំចេញទៅកាន់ទីផ្សារចិនក្នុងទំហំទឹកប្រាក់តែជាង 3រយលានដុល្លារប៉ុណ្ណោះ ខណៈដែលការនាំចេញរបស់ចិនមកកម្ពុជា សម្រេចបានរហូតជាង 2ពាន់8រយលានដុល្លារ។
ដោយឡែក សហរដ្ឋអាម៉េរិកដែលជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា បាននាំចូលទំនិញពីកម្ពុជាក្នុងទំហំទឹកប្រាក់ជិត 2ពាន់លានដុល្លារ គ្រាដែលកម្ពុជាបាននាំចូលទំនិញពីសហរដ្ឋអាម៉េរិកក្នុងទំហំទឹកប្រាក់តែជាង 57 លានដុល្លារប៉ុណ្ណោះ នៅត្រីមាសទីមួយនៃឆ្នាំ 2024។