មុននេះបន្តិច អ្នកណាៗក៏សុទ្ធតែបានលើកសរសើរ និងស្ញប់ស្ញែងចំពោះជោគវាសនារបស់កំពូលតារាសម្ដែងសម្បុរស្រអែមមានជំនាញខាងសម្រក់ទឹកភ្នែក នី មុន្នីនាថ ដែលចៀសផុតពីរឿងអាស្រូវ ជាពិសេស ថែមទាំងមានគូដណ្ដឹងជាអាណិកជន មានទ្រព្យធនរាប់ម៉ឺនដុល្លារ និងមានសមត្ថភាពអាចធានារូបនាងឱ្យទៅរស់នៅស្របច្បាប់នៅសហរដ្ឋអាមេរិកថែមទៀតផង។
ដោយឡែកពេលនេះ មិនថាចំពោះតែអ្នកធ្លាប់កោតសរសើរដែលស្ថិតនៅក្នុងចង្កោមអ្នកមានអាជីពសិល្បៈនោះទេ សូម្បីតែមហាជនទូទៅក៏នាំគ្នាបើកភ្នែកធំបង្ហាញពីភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលធ្លាយដំណឹងដ៏ក្ដៅគគុកមកថាពេលនេះ នី មុន្នីនាថ បាននិងកំពុងជាប់ចោទពីបទឆបោក និងរំលោភលើសេចក្ដីទុកចិត្ត ដែលដើមបណ្ដឹងគឺជាគូដណ្ដឹងរបស់នាង គឺលោក អឹុង សូឡា ដែលទើបតែផ្តាច់ពាក្យថ្មីៗនោះតែម្ដង។ ចំពោះអង្គហេតុក្នុងពាក្យបណ្ដឹងដែលតម្កល់នៅសាលាដំបូងរាជធានីភ្នំពេញខាងលើបានលើកឡើងថា ដើមចមរហូតឈានដល់ដំណាក់កាលប្ដឹងផ្តល់នេះ គឺបណ្តាលមកពី នី មុន្នីនាថ មិនគោរពតាមការសន្យា ដែលកាលដើមឡើយ បន្ទាប់ពីអ្នកទាំងពីរមានទំនាក់ទំនងគ្នាជ្រាលជ្រៅ ភាគីខាងបុរស គឺលោក អឹុង សូឡា បានចំណាយពេលនិងថវិកា ក្នុងការចុះឡើងរវាងកម្ពុជា-អាមេរិក ដើម្បីរត់ការធានា នី មុន្នីនាថ ទៅរស់នៅអាមេរិកស្របច្បាប់ លុះក្រោយមក នី មុន្នីនាថ មិនព្រមចេញទៅតាមការរត់ការច្បាប់នោះទេ ហើយថែមទាំងព្យាយាមពន្យារពេលម្ដងហើយម្ដងទៀត រហូតកើតមានបញ្ហា។
យ៉ាងណាក៏ដោយ ពាក់ព័ន្ធទៅនឹងការប្ដឹងផ្តល់ខាងលើនេះ នី មុន្នីនាថ ហាក់មិនបានបង្ហាញពីភាពខ្លាចរអារនោះទេ ដោយនាងថែមទាំងបានបញ្ជាក់ថា មិនថារឿងនេះដំណើរការយ៉ាងណានោះទេ នាងក៏នៅតែមិនព្រួយបារម្ភនោះដែរ ប៉ុន្តែបើឈានដល់ដំណាក់កាលដែលទ្រាំលែងបាន នាងនឹងដាក់ពាក្យប្ដឹងបកវិញជាក់ជាមិនខាន ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់នាង មិនជាប់ពាក់ព័ន្ធទៅនឹងការចោទប្រកាន់នោះទេ៕