​ស្ថានីយ​​សំចត​របស់​​ផ្លូវ​ល្បឿន​លឿននៅ​វៀតណាម ត្រូវ​តម្រូវឱ្យ​មានទីតាំង​សាកថ្ម​រថយន្ត​អគ្គិសនី​

(វៀតណាម) – ​ក្រសួង​ដឹក​ជញ្ជូន​វៀតណាម​ ឱ្យ​ដឹង​ថា ចាប់​ពី​ខែ​តុលា​ខាងមុខ បណ្ដា​ស្ថានីយ​សំចត​របស់​ផ្លូវ​ល្បឿន​លឿន​នានា​នៅ​ប្រទេស​វៀតណាម នឹង​មាន​ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី​។ សេចក្ដី​សម្រេច​ថ្មី​នេះ​នឹង​មាន​សុពលភាព​ចាប់​ពី​ថ្ងៃទី 5 ខែ​តុលា ឆ្នាំ 2024​។

យោង​តាម​សារព័ត៌មាន​វៀតណាម ស្ថានីយ​សំចត​របស់​ផ្លូវ​ល្បឿន​លឿន​ត្រូវ​បាន​ចែក​ជា​បួន​ប្រភេទ ក្នុង​នោះ​ប្រភេទ​ទីមួយ​មាន​ទំហំ​ផ្ទៃ​ក្រឡា​យ៉ាង​តិច 10,000 ម៉ែត្រ​ការ៉េ និង​ទីពីរ​ត្រូវ​មាន​ទំហំ​ 5,000 ម៉ែត្រ​ការ៉េ ខណៈ​ទី​បី​ត្រូវ​មាន​ទំហំ​ 3,000 ម៉ែត្រ​ការ៉េ និង​ទីបួន​ត្រូវ​មាន​ទំហំ​ 1,000 ម៉ែត្រ​ការ៉េ​។

សេចក្ដី​សម្រេច​ថ្មី​ខាងលើ​ក៏​បាន​ចែង​ថា ចំនួន​ទីតាំង​សម្រាប់​ចត​ឡាន​ដែល​អាច​បញ្ចូល​ឡាន​អគ្គិសនី​ចូល​សាក​ថ្ម​ ត្រូវ​តែ​មាន​ចំណែក​ 10% ធៀប​នឹង​ទំហំ​ផ្ទៃ​ក្រឡា​សរុប​សម្រាប់​ចត​ឡាន​ ហើយ​វា​ត្រូវ​បាន​តម្រូវ​ឱ្យ​មាន​នៅ​ក្នុង​ស្ថានីយ​សំចត​ប្រភេទ​ទីមួយ និង​ទីពីរ​។ ចំណែក​ស្ថានីយ​ប្រភេទ​ទី​បី និង​ទីបួន​ ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ផងដែរ​។

Leave a Comment