(ភ្នំពេញ) – សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ប្រទេសយើងជាមហាអំណាច ពេលដែលមានសេដ្ឋកិច្ចខ្លាំង ដូច្នេះព្រែកជីក (ហ្វូណនតេជោ) នេះ គឺបម្រើដល់ការបង្កើនសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ។
ប្រសាសន៍របស់សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខាងលើនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី 11 ខែមេសា ឆ្នាំ 2024 នៅក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតនៅភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។
សម្ដេចធិបតី បានបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ «ល្អមើលផង និងល្អហូបផង» បន្ទាប់ពីមានមតិរិះគន់ខ្លះចំពោះគម្រោងព្រែកជីកនេះ។ គម្រោងនេះនឹងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន ក៏ដូចជាមិនបង្កការគំរាមកំហែងដល់ប្រទេសជិតខាង។
សូមរំលឹកថា គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែង 180 គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លៃបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន 4 រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ 1.6 លាននាក់ រស់នៅអមសងខាងផ្លូវទឹក។
យោងតាមក្រសួងសាធារណៈការនិងដឹកជញ្ជូន ការដ្ឋានសាងសង់ព្រែកជីកដែលនឹងធ្វើឡើងក្នុងអំឡុងត្រីមាសទី 4 នៃឆ្នាំ 2024 ខាងមុខនេះ មានតម្លៃប្រមាណ 1,700 លានដុល្លារអាម៉េរិក ហើយនឹងត្រូវចំណាយពេល 4 ឆ្នាំ ក្នុងការស្ថាបនា។ គម្រោងនេះគឺជាផ្នែកមួយនៃគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (Belt and Road Initiative ឬBRI) របស់រដ្ឋាភិបាលចិន៕