សម្រាប់ការចេញផ្សាយលេខថ្មីទី114 របស់ទស្សនាវដ្ដីដ៏មានប្រជាប្រិយភាព ឡារ៉ែន នាខែវិច្ឆិកា ឆ្នាំ2017នេះ ទំព័រមុខម្ហូបឆ្ងាញ់ៗប្រចាំខែ សូមណែនាំប្រិយមិត្តអ្នកអានទាំងអស់ឱ្យស្គាល់នូវមុខម្ហូបមួយទៀតដែលមានរសជាតិឈ្ងុយឆ្ងាញ់ បែបកូនកាត់ ដែលច្នៃចេញពីពោះវៀនតាន់ជាគ្រឿងសំខាន់ ដាក់បំពងនៅក្នុងប្រេងឆាក្ដៅ ដែលបង្កើតឡើងដោយមេចុងភៅមានបទពិសោធក្នុងការចម្អិនច្រើនឆ្នាំប្រចាំនៅភោជនីយដ្ឋាន Cow boy ដែលស្ថិតនៅផ្លូវប៉ាស្ទ័រ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
គ្រឿងផ្សំ
ពោះវៀនតាន់
ម្សៅបំពង
អំបិល
ខ្ទឹមស
ម្សៅស៊ុបខ្នរ
ពងមាន់ (ផ្នែកស)
សណ្តែកកួរ
ទឹកត្រីកោះកុង
ត្រសក់
ប៉េងប៉ោះ
សាលាដ
ក្រូចឆ្មារ
ម្ទេស
បង្គាក្រៀម
បន្លែ
របៀបធ្វើ
បន្ទាប់ពីយកពោះតាន់លាងសម្អាត និងកាត់ជាដំុតូចៗរួច ចូរយកទៅប្រឡាក់ជាមួយនឹងគ្រឿងផ្សំដែលបានត្រៀមទុក រួមមានដូចជាអំបិល ម្សៅស៊ុបខ្នរ ម្សៅបំពង ពងមាន់ ដោយក្រឡុកបញ្ចូលគ្នាឱ្យសព្វ រួចយកទៅបំពងឱ្យឆ្អិនល្អ ហើយស្រង់ទុកមួយអន្លើ។ យកសណ្តែកកួរទឹកត្រីកោះកុង និងទឹកក្រូចឆ្មារ បុកលាយបញ្ចូលគ្នា ដោយបន្ថែមខ្ទឹមសបន្តិច (បុកល្មមៗកុំឱ្យម៉ដ្ឋពេក)។ ជាចុងក្រោយ លោកអ្នកគ្រាន់តែយកពោះតាន់ដែលបានបំពងរួច និងសណ្តែកកួរដែលបានបុករួចនោះមករៀបចំដាក់នៅលើចានរួមគ្នាឱ្យមានរបៀប ដោយបន្ថែមបន្លែបន្តិចគ្រាន់ជាការលម្អជាការស្រេច។ ឃើញទេ ងាយ! ប៉ុន្តែទទួលបាននូវមុខម្ហូបដ៏មានរសជាតិសម្រាប់ទទួលទានជុំគ្នាជាមួយក្រុមគ្រួសារ និងមិត្តភក្តិក្នុងថ្ងៃឈប់សម្រាករួចបាត់ទៅហើយ៕