របាយការណ៍របស់ BYD ឱ្យដឹងថា ចំនួនរថយន្តអគ្គិសនីដែលក្រុមហ៊ុននេះបានលក់ចេញនៅក្នុងត្រីមាសដំបូងរបស់ឆ្នាំ 2024 បានថយចុះ 43% បើធៀបនឹងត្រីមាសទីបួននៃឆ្នាំ 2023 ដែលប្រការនេះបង្ហាញថា BYD នឹងប្រគល់ «តំណែង» លេខមួយស្ដីពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលលក់រថយន្តបានច្រើនជាងគេលើពិភពលោក ទៅឱ្យក្រុមហ៊ុនអាម៉េរិក Tesla វិញ បន្ទាប់ពីក្រុមហ៊ុនចិនដណ្ដើមបានកាលពីឆ្នាំកន្លង។
យោងតាមឯកសារដែលបានបញ្ជូនឡើងទៅកាន់មន្ទីរគ្រប់គ្រងផ្សារមូលបត្រ Shenzhen កាលពីល្ងាចថ្ងៃទី 1 មីនា BYD ឱ្យដឹងថា ពួកគេលក់រថយន្តអគ្គិសនីបានជាង 300,000 គ្រឿងនៅក្នុងត្រីមាសដំបូង ពោលគឺថយចុះ 43% បើធៀបនឹងបីខែមុននោះ។ ប្រាក់ចំណូលក្នុងត្រីមាសដំបូងនៃឆ្នាំ 2024 បានកើន 13.4% ធៀបនឹងឆ្នាំមុន។
ក៏ប៉ុន្តែ ការថយចុះប្រចាំខែរបស់ BYD អាចមានន័យថា Tesla នឹងដណ្ដើមបានមកវិញនូវតំណែងលេខមួយក្នុងវិស័យរថយន្តអគ្គិសនី ដោយយោងទៅតាមការព្យាករអំពីចំនួនរថយន្តដែលនឹងត្រូវបានលក់ចេញ (ជាង 458,000 គ្រឿង ក្នុងត្រីមាសទីមួយ ដោយគិតត្រឹមថ្ងៃទី 31 មីនា។ តាមគម្រោង Tesla នឹងបញ្ចេញរបាយការណ៍លក់សម្រាប់ត្រីមាសដំបូងនៃឆ្នាំ 2024 នៅថ្ងៃស្អែក (3 មេសា)។