រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាម៉េរិក យល់ថា ប្រទេសចិនអាចលក់ផលិតផលអគ្គិសនីលើសតម្រូវការរបស់ខ្លួនក្នុងតម្លៃទាប ទៅកាន់ទីផ្សារអន្តរជាតិ ប៉ះពាល់ដល់ផលប្រយោជន៍អាម៉េរិក។
ក្នុងដំណើរទស្សនកិច្ចនាពេលខាងមុខ លោកស្រី Yellen នឹងពិភាក្សាបញ្ហាខាងលើជាមួយនឹងក្រុមមន្ត្រីចិន។ ប្រការនេះកើតឡើងក្នុងគ្រាដែលអាម៉េរិកកំពុងជំរុញការអភិវឌ្ឍថាមពលបៃតង ប៉ុន្តែនៅតែតាមមិនទាន់ប្រទេសចិន។
ភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងអាម៉េរិក និងចិន បន្តជាឧបសគ្គសម្រាប់កិច្ចសហប្រតិបត្តិការ។ បើទោះជាប្រធានាធិបតី បៃដិន បានជួបពិភាក្សាការងារជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង កាលពីខែវិច្ឆិកា 2023 ការព្រួយបារម្ភអំពីបញ្ហាសន្តិសុខជាតិនាពេលថ្មីៗនេះ ដែលជាប់ទាក់ទងនឹងរថយន្តអគ្គិសនីឆ្លាតវៃចិន បង្ហាញថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានឧបសគ្គនៅឡើយ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាម៉េរិក លោកស្រី Janet Yellen ជឿថា ប្រទេសចិនអាចនាំចេញផលិតផលទាក់ទងនឹងអគ្គិសនីបៃតងដែលលើសតម្រូវការរបស់ខ្លួន ទៅកាន់ប្រទេសនានា ដោយលក់ក្នុងតម្លៃទាបខ្លាំង។ ប្រការនេះអាចនឹងធ្វើឱ្យសហរដ្ឋអាម៉េរិក ក៏ដូចជាបណ្ដាប្រទេសលើពិភពលោក ពិបាកប្រកួតប្រជែង ហើយត្រូវខាតបង់ផលប្រយោជន៍ផ្នែកពាណិជ្ជកម្ម។