ករណី Trump Media សម្រេចបានកិច្ចព្រមព្រៀងច្របាច់បញ្ចូលគ្នាជាមួយនឹងក្រុមហ៊ុនដទៃមួយផ្សេងទៀត ដើម្បីឡើងផ្សារហ៊ុន បានជួយឱ្យអតីតប្រធានាធិបតីអាម៉េរិក ជាលើកដំបូង មានឈ្មោះក្នុង top 500 នៃអ្នកមានជាងគេលើពិភពលោក។
កាលពីថ្ងៃទី 25 មីនា Trump Media ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់លោក Donald Trump បានប្រកាសថា សម្រេចបានកិច្ចព្រមព្រៀងច្របាច់បញ្ចូលគ្នាជាមួយនឹង Digital World Acquisition Corp។ ក្រុមហ៊ុនថ្មីនឹងមានឈ្មោះថា Trump Media & Technology Group នឹងគ្រប់គ្រងបណ្ដាញសង្គម Truth Social ដែលបង្កើតឡើងដោយលោក Trump កាលពីប៉ុន្មានឆ្នាំមុន។ ភាគហ៊ុនរបស់ពួកគេចាប់ផ្ដើមដាក់ឱ្យជួញដូរចាប់ពីថ្ងៃទី 26 មីនា 2024។
ព័ត៌មានខាងលើបានជួយឱ្យភាគហ៊ុន Digital World កើន 35% កាលពីថ្ងៃទី 25 មីនា។ បើគិតទៅតាមតម្លៃបច្ចុប្បន្ន ភាគហ៊ុនរបស់លោក Trump នៅក្នុងក្រុមហ៊ុនថ្មី នឹងមានតម្លៃ 4 ពាន់លានដុល្លារអាម៉េរិក។
ប្រការនេះ ជួយឱ្យលោក Trump មានឈ្មោះក្នុងបញ្ជីស្ដីពីអ្នកមានជាងគេទាំង 500 នាក់ នៅលើពិភពលោក របស់ Bloomberg។ Bloomberg គណនាឃើញថា ទ្រព្យរបស់លោក Trump បានកើនឡើង 4 ពាន់លានដុល្លារបន្ថែមទៀតនៅក្នុងថ្ងៃទី 25 មីនា។ បច្ចុប្បន្ន អតីតប្រធានាធិបតីអាម៉េរិករូបនេះ មានទ្រព្យចំនួន 6.5 ពាន់លានដុល្លារ។