ក្រុមហ៊ុនប្រេងឥន្ធនៈ Shell កំពុងរកវិធីបិទទ្វារស្ថានីយលក់រាយប្រេងសាំងរហូតដល់ 1,000 កន្លែង ក្នុងពេលឆាប់ៗខាងមុខ ដើម្បីងាកទៅរកស្ថានីយបញ្ចូលថាមពលសម្រាប់រថយន្តអគ្គិសនី ដែលពិភពលោកកំពុងនាំគ្នាជំរុញយ៉ាងខ្លាំងក្លា។
នៅក្នុងរបាយការណ៍ថ្មីបំផុតរបស់ខ្លួន ក្រុមហ៊ុន Shell ដែលមានទីស្នាក់ការនៅចក្រភពអង់គ្លេស បានឱ្យដឹងថា ខ្លួនមានគម្រោងបិទទ្វារទីតាំងលក់រាយប្រេងសាំងចំនួន 500 កន្លែង/ឆ្នាំ សម្រាប់ឆ្នាំ 2024 និង 2025។ ជំនួសមកវិញ ក្រុមហ៊ុននេះគ្រោងនឹងផ្ដោតទៅលើការពង្រីកបណ្ដាញស្ថានីយបញ្ចូលថាមពលសម្រាប់រថយន្តអគ្គិសនី ហើយសង្ឃឹមថា ចំនួនស្ថានីយសាកថ្មរថយន្តអគ្គិសនីរបស់ខ្លួននឹងកើនដល់ 200,000 កន្លែងនៅក្នុងឆ្នាំ 2030 ច្រើនជាងឆ្ងាយបើធៀបនឹង 54,000 កន្លែង នាបច្ចុប្បន្ន។
Shell ក៏កំពុងតែមានផែនការវិនិយោគពី 10 ទៅ 15 ពាន់លានដុល្លារអាម៉េរិក ទៅក្នុងបណ្ដាគម្រោងដែលបំភាយឧស្ម័នកាបូនកម្រិតទាបផងដែរ។
នៅសហរដ្ឋអាម៉េរិក ក្រុមហ៊ុនដែលកំពុងនាំមុខគេក្នុងវិស័យបញ្ចូលថាមពលល្បឿនលឿនសម្រាប់រថយន្តអគ្គិសនី ដែលហៅថា Supercharger គឺ Tesla ដោយរួមចំណែករហូតដល់ 61.7% នៃបណ្ដាញសាកថ្ម EV នៅលើទឹកដីនេះ ខណៈដែល Shell Recharge របស់ក្រុមហ៊ុនអង់គ្លេសនៅសហរដ្ឋអាម៉េរិកវិញ មានចំណែកប្រមាណ 1.7% ប៉ុណ្ណោះ នៅក្នុងវិស័យនេះ។