(អ៊ីតាលី) – ទឹកធ្លាក់ Marmore ដែលមានកម្ពស់ 165 ម៉ែត្រ បានកើតឡើង នៅពេលប្រជាជនរ៉ូមបុរាណ កែប្រែទន្លេ Velino កាលពី 2,200 ឆ្នាំមុន។
ទឹកធ្លាក់បីជាន់ដ៏ស្រស់ស្អាត និងមានឈ្មោះថា Marmore នេះ ស្ថិតនៅចម្ងាយពីទីក្រុង Terni ក្នុងតំបន់ Umbria របស់ប្រទេសអ៊ីតាលី ប្រហែល 8 គីឡូម៉ែត្រទៅទិសខាងកើត។
ភាពល្បីល្បាញរបស់ទឹកធ្លាក់នេះ មិនត្រឹមតែស្ថិតនៅត្រង់ភាពអស្ចារ្យរបស់វា ប៉ុន្តែក៏កើតមានដោយសារនេះជាលទ្ធផលនៃអន្តរាគមន៍របស់មនុស្ស ទៅលើធម្មជាតិ។ នេះបើតាមការផ្សាយរបស់ Amusing Planet។
កាលពី 2,200 ឆ្នាំមុន ក្នុងតំបន់ខាងលើ ពុំមានទឹកធ្លាក់ណាមួយឡើយ។ លើទន្លេ Velino ជាទីដែលមានទឹកធ្លាក់ Marmore មានខ្សែទឹកខុសពីបច្ចុប្បន្ន ដោយវាហូរទៅកាន់បឹងភក់មួយនៅវាលរាប Reiti។ ទឹកដែលស្ថិតនៅក្នុងបឹងភក់នេះ មិនល្អសម្រាប់សុខភាព ដូច្នេះ មន្ត្រីចក្រភពរ៉ូមបុរាណ Manius Curius Dentatus ក៏ចេញបញ្ជាឱ្យជីកព្រែកមួយខ្សែដែលហៅថា ជ្រលង Curiano កាលពីឆ្នាំ 271 មុនគ្រិស្តសករាជ ដើម្បីបង្ហូរទឹកពីបឹងភក់ ឱ្យធ្លាក់ទៅលើជញ្ជាំងថ្មធម្មជាតិនៅ Marmore បង្កើតបានជាទឹកធ្លាក់។ ចាប់ពីពេលនេះមក ទឹកក៏ហូរចូលទន្លេ Nera នៅខាងក្រោម។
ក៏ប៉ុន្តែ មិនយូរប៉ុន្មាន បញ្ហាក៏បានកើតឡើងខុសពីការរំពឹងទុក ដោយសារតែដំណោះស្រាយខាងលើបាននាំឱ្យមានទឹកជំនន់នៅជ្រលងភ្នំ Reiti និង Terni។ បញ្ហានេះក៏ធ្វើឱ្យមានការខ្វែងគំនិតគ្នារវាងប្រជាជននៅ Reiti និង Terni ផងដែរ។
រហូតដល់សតវត្សរ៍ទី 15 ទើបសង្ឃរាជ Gregory XII ចេញបញ្ជាឱ្យជីកព្រែកថ្មីដើម្បីដោះស្រាយបញ្ហា។ ការជួសជុល និងធ្វើឱ្យប្រសើរឡើងនូវព្រែកជីកនេះ ត្រូវបានសង្ឃរាជ Paul III ដឹកនាំការអនុវត្តនៅពាក់កណ្ដាលសតវត្សរ៍ទី 16។ ការធ្វើឱ្យប្រសើរឡើងលើកចុងក្រោយដែលបានជួយឱ្យទឹកធ្លាក់ Marmore មានរូបរាងដូចសព្វថ្ងៃ គឺអនុវត្តដោយស្ថាបត្យករ Andrea Vici ក្រោមការដឹកនាំរបស់សង្ឃរាជ Pius V1 នៅចុងសតវត្សរ៍ទី 18៕