ការបាញ់បង្ហោះរ៉ុក្កែតជាលើកដំបូងរបស់ Space One ដែលជាក្រុមហ៊ុនធុរកិច្ចថ្មី មានមូលដ្ឋាននៅប្រទេសជប៉ុន បានទទួលបរាជ័យ នៅពេលរ៉ុក្កែតផ្ទុះ ខណៈទើបហោះឡើងពីជើងទ្រ។
កាលពីព្រឹកថ្ងៃទី 13 មីនា ក្រុមហ៊ុនអវកាសជប៉ុន បានបាញ់បង្ហោះរ៉ុក្កែតមួយគ្រឿងដែលមានឈ្មោះថា KAIROS លេខ 1 ដើម្បីនាំយកផ្កាយរណបសិប្បនិម្មិតទៅកាន់គន្លងគោចរ។
បើសិនបានឆ្លងផុតឧបសគ្គនេះ Space One នឹងក្លាយជាក្រុមហ៊ុនឯកជនដំបូងគេរបស់ជប៉ុន ដែលបាញ់បង្ហោះរ៉ុក្កែតឡើងទៅកាន់គន្លងតារាវិថីដោយជោគជ័យ។
នៅក្នុងដំណាក់កាលត្រៀម ក្រុមការងារមិនបានរកឃើញបញ្ហាណាមួយឡើយ។ រ៉ុក្កែតដែលមាន 4 ជាន់ ប្រវែង 18 ម៉ែត្រ និងទម្ងន់ 23 តោន របស់ Space One ក៏ហោះឡើងត្រូវទៅតាមការគ្រោងទុក នៅវេលាម៉ោង 11:01 (ម៉ោងនៅប្រទេសជប៉ុន)។
ក៏ប៉ុន្តែ រ៉ុក្កែតបានផ្ទុះ បន្ទាប់ពីហោះឡើងពីប្រព័ន្ធទម្របានតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ បំណែកខ្លះរបស់វាបានធ្លាក់ទៅលើភ្នំនៅក្បែរនោះ ចំណែកខ្លះទៀតក៏ធ្លាក់ទៅលើសមុទ្រ។
នេះត្រូវបានចាត់ទុកថា ជាបរាជ័យដ៏ធំមួយសម្រាប់ការប្រឹងប្រែងរបស់ជប៉ុន ដើម្បីចូលប្រកួតប្រជែងក្នុងទីផ្សារបាញ់បង្ហោះផ្កាយរណប ដែលមានសក្តានុពលក្នុងការរកផលចំណេញ។