របាយការណ៍ថ្មីមួយបានប្រកាសថា ថ្នាលបច្ចេកវិទ្យា EV ថ្មី របស់ក្រុមហ៊ុនចិន BYD នឹងកាត់បន្ថយការចំណាយបន្ថែមទៀត នៅពេលក្រុមហ៊ុននេះចាប់ផ្ដើម «សង្គ្រាមរំដោះ» ប្រឆាំងនឹងរថយន្តប្រើសាំង។
ក្រោយពីបានយកឈ្នះលើ Tesla ដើម្បីក្លាយជាអ្នកផលិតរថយន្តអគ្គិសនីធំជាងគេលើពិភពលោកនៅក្នុងរយៈពេល 3 ខែចុងឆ្នាំ 2023 ក្រុមហ៊ុន BYD ក៏ប្រកាសថា Tesla មិនមែនជាគូប្រជែង។
BYD បានបង្កើតសង្គ្រាមតម្លៃជាមួយនឹងរថយន្តប្រើម៉ាស៊ីនចំហេះក្នុង (ICE) កាលពីខែកន្លង ដោយបង្ហាញវត្តមានរថយន្តអគ្គិសនី Qin Plus EV និង PHEV ថ្មី។ ចាប់ផ្ដើមពីតម្លៃ 15,200 ដុល្លារអាម៉េរិក រថយន្តអគ្គិសនីថ្មីរបស់ BYD បើកទំព័រថ្មីសម្រាប់រថយន្តអគ្គិសនីតម្លៃទាបជាងរថយន្ត ICE។
ជាងនេះ កំណែ DM-I (PHEV) ថែមទាំងមានតម្លៃទាបជាង ពោលគឺចាប់ពីប្រហែល 11,000 ដុល្លារ ដោយប្រើប្រាស់ថ្មផ្ទុកអគ្គិសនីដែលអាចឱ្យធ្វើដំណើរបានចម្ងាយ 120 គីឡូម៉ែត្រ បន្ទាប់ពីបញ្ចូលអគ្គិសនីមួយពេញ។
Qin Plus ដែលដំណើរការដោយអគ្គិសនីពីថ្ម 48 kWh ឬ 57.6 kWh អាចធ្វើដំណើរបានចម្ងាយរហូតដល់ 420 គីឡូម៉ែត្រ និង 510 គីឡូម៉ែត្រ។
យោងតាមរបាយការណ៍ថ្មីមួយរបស់ 36kr ក្រុមហ៊ុន BYD នឹងប្រើប្រាស់រាល់ចំណុចខ្លាំងផ្នែកបច្ចេកវិទ្យារបស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយនឹងរថយន្តសាំង នៅ 3 ឆ្នាំខាងមុខ។
ប្រព័ន្ធ DM-I ជំនាន់បន្ទាប់របស់ BYD នឹងអនុញ្ញាតឱ្យរថយន្តប្រភេទ PHEV ធ្វើដំណើរបានរយៈចម្ងាយជាង 2,000 គីឡូម៉ែត្រ។ ប្រការនេះនឹងធ្វើឱ្យរថយន្តសាំងពិបាកប្រកួតប្រជែង។
យោងតាម Electrek គោលដៅចម្បងរបស់ BYD គឺការដណ្ដើមយកចំណែកទីផ្សារពីរថយន្តដំណើរការដោយប្រេងសាំង ក្នុងរង្វង់ 3 ឆ្នាំខាងមុខ៕