នៅក្នុងខែកុម្ភៈ ឆ្នាំ 2024 ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (ក.អ.ក) បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន 37 គម្រោង ដែលមានទុនវិនិយោគសរុបជិត 1.2 ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ 38 ពាន់កន្លែង។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា នៅក្នុងកុម្ភៈ មានគម្រោងវិនិយោគចំនួន 5 ដែលលេចធ្លោជាងគេ រួមមានដូចខាងក្រោម៖
1-គម្រោងវិនិយោគសាងសង់វារីអគ្គិសនីស្ទឹងមេទឹក អានុភាព 150 MW ក្នុងខេត្តកោះកុង ដែលមានទុនវិនិយោគប្រមាណ 440 លានដុល្លារអាម៉េរិក
2-គម្រោងវិនិយោគសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ក្នុងខេត្តកំពង់ឆ្នាំង មានទុនប្រមាណជាង 108 លានដុល្លារ
3-គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណជាង 107 លានដុល្លារ
4-គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានទុនប្រមាណ 30 លានដុល្លារ
5-គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគផលិតសំបកកង់រថយន្ត នៅក្នុងខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ 212 លានដុល្លារអាម៉េរិក។
ក.អ.ក ឱ្យដឹងថា ក្នុងខែកុម្ភៈ ឆ្នាំ 2024 វិនិយោគិនក្នុងស្រុកបានរួមចំណែកបណ្ដាក់ទុនវិនិយោគសរុបចំនួន 58.41% ស្របពេលដែលទុនមានប្រភពពីប្រទេសចិន រួមចំណែក 33.19%, សិង្ហបុរីរួមចំណែក 4.3% និងវៀតណាម 4.09%៕