Bitcoin បន្តឡើងថ្លៃដល់កម្រិតកំពូលថ្មី នៅពេលកើនលើសពី 71,000 ដុល្លារអាម៉េរិក/Bitcoin កាលពីល្ងាចថ្ងៃទី 11 មីនា។
Bitcoin បានឡើងថ្លៃជិត 2.6% ក្នុងរង្វង់ 24 ម៉ោង និងលើសពី 10% គិតចាប់ពីថ្ងៃទី 04 មីនា។ តម្លៃមូលធនទីផ្សាររបស់ប្រាក់ឌីជីថល់គ្រីបស្តូធំបំផុតលើពិភពលោកមួយនេះ បានកើនលើសពី 1.4 លានលានដុល្លារ (1,400,000,000,000.00) បន្ទាប់ពីតម្លៃមួយ Bitcoin បានឡើងផុតពី 71,000 ដុល្លារ។
តម្លៃរបស់ Bitcoin ត្រូវបានរុញឡើងដោយការទទួលយក និងការទទួលស្គាល់របស់អ្នកវិនិយោគ និងស្ថាប័ននានា ដែលនាំមកនូវរំហូរប្រាក់ដ៏សម្បើមសម្រាប់ថ្នាលវិនិយោគនេះ។
Michael Anderson ស្ថាបនិកក្រុមហ៊ុនវិនិយោគប្រាក់ឌីជីថល់គ្រីបស្តូ Framework Ventures អះអាងថា ការឡើងថ្លៃលើកនេះរបស់ Bitcoin គឺខុសគ្នាឆ្ងាយ បើធៀបនឹងឆ្នាំ 2021។ «នេះទំនងជាវដ្ដមួយដែលនាំមុខដោយបណ្ដាស្ថាប័នហិរញ្ញវត្ថុ» លោក Anderson និយាយដូច្នេះ។
សារព័ត៌មាន New York Times ក៏បានអះអាងដូចលោក Anderson ដោយផ្សាយថា ភាពខុសគ្នានៃការឡើងថ្លៃរបស់ Bitcoin បច្ចុប្បន្ន ធៀបនឹងឆ្នាំ 2021 គឺនៅត្រង់ថា លើកនេះមានការចូលរួមរបស់ស្ថាប័នហិរញ្ញវត្ថុធំៗ ដែលមានដូចជា BlackRock និង Fidelity ជាដើម។
ក្រៅពី Bitcoin ក៏នៅមានរូបិយប័ណ្ណឌីជីថល់គ្រីបស្តូជាច្រើនផ្សេងទៀតដែលឡើងថ្លៃដល់កម្រិតកំពូលថ្មីជាបន្តបន្ទាប់។ ប្រាក់ Ethereum (ETH) ក៏ឡើងថ្លៃលើសពី 4,000 ដុល្លារ ខណៈតម្លៃរបស់ Solana (SOL) ហក់ឡើងជិតដល់ 150 ដុល្លារអាម៉េរិក៕