យោងតាមសៀវភៅកំណត់ត្រាពិភពលោក Guinness ផ្លូវ Pan-American Highway គឺជាផ្លូវល្បឿនលឿនដែលវែងជាងគេលើពិភពលោក ដោយមានប្រវែង 30,000 គីឡូម៉ែត្រ រាប់ចាប់ពី Alaska របស់សហរដ្ឋអាម៉េរិក រហូតដល់តំបន់ចុងភាគខាងត្បូងរបស់អាហ្សង់ទីន។
ការផ្ដួចផ្ដើមគំនិតស្ដីពីផ្លូវល្បឿនលឿនតភ្ជាប់ទ្វីបអាម៉េរិក ត្រូវបានលើកឡើងជាលើកដំបូងកាលពីឆ្នាំ 1923 ដោយសហរដ្ឋអាម៉េរិក។ ឆ្នាំ 1924 ការចរចារវាងសហរដ្ឋអាម៉េរិក និងបណ្ដាប្រទេសនៅតំបន់អាម៉េរិកឡាទីន ក៏សម្រេចបានកិច្ចព្រមព្រៀងរួម និងត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ 1937។
ក៏ប៉ុន្តែ ជាក់ស្ដែង មកដល់បច្ចុប្បន្ន ផ្លូវល្បឿនលឿន Pan-American នេះ មិនទាន់ត្រូវបានតភ្ជាប់គ្នាទាំងស្រុងនៅឡើយ។ តំបន់មួយដែលមិនទាន់តភ្ជាប់នឹងផ្លូវល្បឿនលឿននេះ ស្ថិតនៅ Darien Gap ប្រវែង 160 គីឡូម៉ែត្រ ដែលជាចំណុចភ្ជាប់រវាងប្រទេសប៉ាណាម៉ា និងប្រទេសកូឡុំប៊ី។ តំបន់ Darien Gap ពុំទាន់មានផ្លូវណាមួយរត់ឆ្លងកាត់ ព្រោះតែជាតំបន់ព្រៃ មានភ្លៀងធ្លាក់ទៅតាមរដូវ និងបញ្ហាបរិស្ថាន ហើយជាពិសេស តំបន់នេះត្រូវបានគេចាត់ទុកថា សម្បូរគ្រោះថ្នាក់ អសន្តិសុខ ព្រោះតែមានក្រុមប្រដាប់អាវុធ ក្រុមជួញដូរគ្រឿងញៀនជាច្រើនធ្វើសកម្មភាព។
បើទោះជាតំបន់ខាងលើមិនត្រូវបានភ្ជាប់ក៏ដោយ ផ្លូវល្បឿនលឿន Pan-American នៅតែរក្សាបានកំណត់ត្រាពិភពលោក Guinness សម្រាប់ «ផ្លូវវែងជាងគេលើពិភពលោកដែលអាចបើកបរឆ្លងកាត់»។