ក្រុមហ៊ុន Kia បានកែលម្អស្លាកយីហោ នៅពេលវិស័យឧស្សាហកម្មងាកទៅរករថយន្តអគ្គិសនី ដោយប្រើប្រាស់ឡូហ្គោ និងរចនាបថថ្មី។
ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ ក៏កំពុងឈានទៅរកការសម្រេចបានជោគជ័យជាមួយនឹងរថយន្តម៉ូដែល SUV អគ្គិសនីកៅអីបីជួរដំបូងរបស់ខ្លួន នោះគឺ EV9។
Kia បានបង្ហើបឱ្យដឹងអំពីរថយន្តអគ្គិសនីថ្មីនៅក្នុងព្រឹត្តិការណ៍ «ថ្ងៃ EV» កាលពីខែតុលា 2023។ ពួកគេបានបញ្ជាក់ថា SUV EV5 នេះ នឹងជាគូប្រជែងរបស់ Volvo EX30 និងមានតម្លៃចាប់ពី 35,000 ដុល្លារអាម៉េរិក។
ម៉ូដែល concept ថ្មីដែលត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍នេះ គឺ EV3 និង EV4។ EV3 គឺជាម៉ូដែលរថយន្តអគ្គិសនីខ្នាតតូចរបស់ EV9 និងមានតម្លៃទាបជាង។
រថយន្តអគ្គិសនីគឺជាផ្នែកមួយនៃគម្រោងរបស់ Kia ដើម្បីធ្វើពិពិធកម្មរថយន្តអគ្គិសនីជាមួយនឹងតម្លៃទាប ចាប់ពី 30,000 ដល់ 80,000 ដុល្លារ។
Kia អាចនាំរថយន្តអគ្គិសនីដែលមានតម្លៃទាបទៅកាន់ទីផ្សារបរទេស មានដូចជា ថៃ ជាដើម ជាទីផ្សារដែលមានគូប្រជែងច្រើន ក្នុងនោះមាន Toyota ផងដែរ។
ក្រុមប្រឹក្សាវិនិយោគថៃ (BOI) ឱ្យដឹងថា Kia កំពុងពិនិត្យលើការវិនិយោគទៅមកកាន់ប្រទេសនេះ បន្ទាប់មានព័ត៌មានថា ក្រុមហ៊ុននេះបានប្ដូរទិសដៅចេញពីប្រទេសថៃ។
ថៃគឺជាប្រទេសផលិត និងនាំចេញរថយន្តធំបំផុតនៅអាស៊ី។ ប្រទេសនេះកំពុងទាក់ទាញការវិនិយោគក្នុងវិស័យរថយន្តអគ្គិសនី និងមានគោលដៅធ្វើឱ្យរថយន្តអគ្គិសនីគ្របដណ្ដប់ចំណែកទីផ្សារ 30% នៃរថយន្តសរុបដែលផលិតក្នុងស្រុក នៅឆ្នាំ 2030។
មន្ត្រីថៃមួយរូប កាលពីដើមសប្ដាហ៍នេះ ឱ្យដឹងថា Tesla ក៏កំពុងចរចាជាមួយអាជ្ញាធរថៃ អំពីរោងចក្រថ្មីដែលអាចទាក់ទងនឹងការផលិតរថយន្តអគ្គិសនី និងថ្មផ្ទុកថាមពល។
នៅប្រទេសថៃ បើទោះបណ្ដាក្រុមហ៊ុនដូចជា Toyota និង Honda ធ្លាប់បានគ្រប់គ្រងទីផ្សារនេះ ប៉ុន្តែបច្ចុប្បន្ន បណ្ដាក្រុមហ៊ុនផលិតរថយន្តចិន បានសន្យាថា នឹងវិនិយោគជាង 1.44 ពាន់លានដុល្លារអាម៉េរិក ដើម្បីផលិតរថយន្តអគ្គិសនីនៅប្រទេសនេះ៕