ក្នុងយប់កន្លង ប្រាក់ឌីជីថលគ្រីបស្តូធំបំផុតលើពិភពលោក ឡើងថ្លៃរហូតដល់ 69,200 ដុល្លារអាម៉េរិក ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក វាក៏បានធ្លាក់មកនៅត្រឹមប្រហែល 59,300 ដុល្លារ។
បន្ទាប់ពីហក់ឡើងលើសតម្លៃចាស់ ខ្ពស់ជាង 68,800 ដុល្លារ កាលពីព្រឹកម្សិលមិញ Bitcoin (BTC) ត្រូវបានជួញដូរក្នុងរង្វង់ពី 66,000 ដល់ 68,000 ដុល្លារក្នុងមួយកាក់។ មកដល់ព្រលប់ម្សិលមិញ តម្លៃប្រាក់ឌីជីថល់នេះក៏បានហក់ឡើងវិញ។ ប្រហែលម៉ោង 22 តម្លៃរបស់ BTC ក៏ឡើងដល់ចំណុចកំពូលថ្មី គឺ 69,208 ដុល្លារ។
Bitcoin បានឡើងថ្លៃជិត 160% រាប់ចាប់ពីខែតុលាឆ្នាំ 2023 ក្នុងនោះ ខែកុម្ភៈបានរួមចំណែក 44%។ ប្រការនេះបានដើរផ្ទុយពីឆ្នាំ 2022 ដែលកាលនោះ ប្រាក់ឌីជីថលគ្រីបស្តូបានស្ថិតក្នុង «រដូវរងា» អស់រយៈពេល 18 ខែ បន្ទាប់ពីករណីក្ស័យធន និងរឿងអាស្រូវជាច្រើន ទាក់ទងនឹងបណ្ដាក្រុមហ៊ុន និងបុគ្គលល្បីៗ។
ក៏ប៉ុន្តែ តម្លៃខ្ពស់បំផុតមិនអាចស្ថិតនៅបានយូរ ក្នុងនោះ Bitcoin បានបាត់បង់ជាង 1,000 ដុល្លារ ក្នុងរយៈពេលតែមួយនាទី ហើយក៏បន្តធ្លាក់ថ្លៃ។ ចាប់ពីវេលាទៀបភ្លឺថ្ងៃនេះ តម្លៃរបស់ Bitcoin ភាគច្រើនត្រូវបានជួញដូរក្រោម 64,000 ដុល្លារ ហើយមានពេលខ្លះក៏ធ្លាក់ដល់ក្បែរ 59,300 ដុល្លារ។
ការធ្លាក់ថ្លៃនេះត្រូវបានគេជឿថា ដោយសារអ្នកវិនិយោគជាច្រើនបានដាក់លក់ Bitcoin នៅពេលតម្លៃរបស់វាឡើងខ្ពស់ខ្លាំង។ ក្រៅពីនេះ ក្រុមអ្នក «ជីករកកាក់-Miner» (Miner នៅទីនេះគឺជាអ្នកគ្រប់គ្រងបណ្ដាម៉ាស៊ីន «ជីកកាក់» (ន័យធៀប) ដើម្បីរកកម្រៃ តាមរយៈការផ្ដល់អានុភាពដល់ការគណនាដើម្បីធ្វើការបញ្ជាក់អំពីការជួញដូរសម្រាប់បណ្ដាញរូបិយវត្ថុឌីជីថល់គ្រីបស្តូ) ក៏បង្កសម្ពាធដល់តម្លៃរបស់ Bitcoin ផងដែរ នៅពេល Bitcoin មួយចំនួនត្រូវបានផ្ទេរទៅកាន់ផ្សាររូបិយវត្ថុឌីជីថល់ផ្សេង៕